បណ្តាញសង្គម

មេដឹកនាំហុងកុង ធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ក្រោយត្រឡប់ពីចូលរួមកិច្ចប្រជុំ APEC

រដ្ឋបាលទីក្រុងហុងកុង បានឲ្យដឹងនៅថ្ងៃចន្ទនេះថា មេដឹកនាំ លោក ចន លី (John Lee) បានធ្វើតេស្តមានវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ក្នុងការវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក (APEC) និងមួយថ្ងៃបន្ទាប់ពីបានជួបប្រធានាធិបតីចិន លោក ស៉ី ជិនពីង រួមទាំងប្រមុខរដ្ឋដទៃទៀត។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍របស់រដ្ឋបាលហុងកុង បានឲ្យដឹងថា «នៅពេលនេះ លោកនាយកប្រតិបត្តិកំពុងស្ថិតនៅក្រោមការដាក់ឱ្យនៅដាច់ពីគេ ដោយអនុលោមតាមការណែនាំដែលផ្តល់ដោយមជ្ឈមណ្ឌលគាំពារសុខភាព»។

រីឯ ការិយាល័យរបស់លោក លី បានឲ្យដឹងថា «លោក លី នឹងបន្តធ្វើការពីផ្ទះក្នុងអំឡុងពេលដាក់ឱ្យនៅដាច់ដោយឡែកនេះ ដោយឡែកសមាជិកដែលបានអមដំណើររូបលោកទាំងអស់ គឺធ្វើតេស្តអវិជ្ជមាន»។ គួរបញ្ជាក់ថា កំលុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក លោក លី បានជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ប្រធានាធិបតីវៀតណាម ង្វៀន ភុក និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃវេទិកានេះ៕