បណ្តាញសង្គម

ក្រុមប្រឹក្សាភិបាលគ្រូពេទ្យព្យាបាលជំងឺកូវីដ, ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ នៃសម្ព័នគ្រូពេទ្យ ស.ស.យ.ក ជាង១ពាន់នាក់ បានបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះឈ្នះ

ក្រុមប្រឹក្សាភិបាល ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៃសម្ព័នគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សរុបចំនួន ១ពាន់នាក់ បានបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះឈ្នះ នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។

នាយទាហាន នៃអង្គភាពសេនាតេជោ វិទ្យាស្ថានប្រវត្តិសាស្ត្រយោធា និងក្រុមការងារវិមានឈ្នះឈ្នះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ និងអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានទទួលស្វាគមន៍គណប្រតិភូយ៉ាងកក់ក្ដៅ និងបានរៀបចំមគ្គុទេសក៍សម្រាប់ធ្វើឧទ្ទេសនាមជូនគណប្រតិភូ និងបានលម្អិតជូនគណប្រតិភូអំពីប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា ពិសេសទាក់ទងដំណើរឆ្ពោះទៅកាន់ការរំដោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត ពីសំណាក់ សម្ដេចតេជោ និងកម្មាភិបាលដ៏ទុកចិត្តរបស់លោកចំនួន០៤រូប កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងដំណើរការស្វែងរកសន្តិភាព និងការឯកភាពជាតិពេញលេញដោយនយោបាយឈ្នះ ឈ្នះ ដែលមានការធានាបីយ៉ាង ការធានាអាយុជីវិត និងរូបកាយ ការធានអាជីព និងមុខរបរ ការធានាកម្មសិទ្ធិ ជាមូលដ្ឋានជំរុញឱ្យភាគីខ្មែរក្រហមចូលរួមក្នុងដំណើរសមាហរណកម្ម ដែលជាមាគ៌ារំលត់ភ្លើងសង្រ្គាមនៅកម្ពុជាដោយគ្មានការបង្ហូរឈាមផងដែរ។ ភ្ជាប់ជាមួយគ្នានេះផងដែរ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមការងារ ប្រចាំនៅវិមានឈ្នះឈ្នះ ដែលបានរៀបចំទទួលយ៉ាងល្អ ដោយដំណើរការកម្មវិធីទៅមុខដោយរលូន និងបានចែករំលែកនូវចំណេះដឹងជាប្រវត្តិសាស្ត្រនេះសល់គណប្រតិភូទាំងអស់ផងដែរ។

លោកបណ្ឌិតបានបញ្ជាក់ថា គណៈប្រតិភូជាក្រុមគ្រូពេទ្យ ដែលបានបំពេញបេសកកម្មក្នុងការការពារសុខុមាលភាពប្រជាជនប្រឆាំងនឹងវីរុសកូវីដ១៩ និងសិក្សារៀនសូត្រអំពីផ្នែកវេជ្ជសាស្ត្រ ដូច្នេះការមកដល់ទីតាំងវិមានឈ្នះឈ្នះ គឺជាបទពិសោធន៍ និងការសិក្សាថ្មីមួយអំពីរឿងរ៉ាវប្រវត្តិសាស្ត្រដែលកើតមាននៅក្នុងប្រទេសកម្ពុជា ពិសេសសិក្សាអំពីមគ្គុទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិត និងយកចិត្តទុកដាក់ចំពោះប្រជាជនរបស់សម្ដេចតេជោ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបង្ហាញនូវខ្លឹមសារបន្ថែមមួយចំនួនអំពីស្ថាបត្យកម្មវិមានឈ្នះឈ្នះ និងបានប្រគល់វត្ថុអនុស្សាវរីយ៍ដល់គណប្រតិភូ រួមមានអាវ មួក ម៉ាស វិមានឈ្នះឈ្នះ និងសៀវភៅវិមានឈ្នះឈ្នះ ដើម្បីជូនគណប្រតិភូសិក្សាស្វែងយល់បន្ថែមទៀត។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បញ្ជាក់បន្ថែមថា ក្នុងពេលមានភាពធូរស្រាលការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យជាង១ ពាន់នាក់នេះ មានឱកាសក្នុងការជួបជុំ និងបំពេញទស្សនកិច្ចសិក្សា ដោយដំណើរទស្សនកិច្ចនេះបានក្លាយជាគុណតម្លៃដ៏មានសារសំខាន់ក្នុងការលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងការឯកភាពជាតិពេញលេញ ដោយ នយោបាយឈ្នះឈ្នះ តាមរយៈតឹកតាងជាក់ស្ដែងនៅវិមានឈ្នះឈ្នះ ដែលជាស្ថាបត្យកម្មប្រវត្តិសាស្ត្រ។

សូមបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញពីសំណាក់សម្ដេចពិជ័យសេនា ប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ និងការដឹកនាំផ្ទាល់របស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានក្លាយជាមជ្ឈមណ្ឌលសិក្សាដ៏មានសារសំខាន់សម្រាប់សិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ របត់ដឹកនាំប្រទេសកម្ពុជា និងចាំបាច់អភិវឌ្ឍន៍បន្ថែមនូវហេដ្ឋារចនាសម្ព័នមួយចំនួន ដើម្បីបញ្ជាក់បន្ថែមពីអត្ថន័យជាការចូលរួមចំណែកពីស្ថាប័នពាក់ព័ន្ធ ក៏ដូចជាយុវជនក្នុងការការពារសន្តិភាព និងបានបោះជំហានទៅកាន់ការកសាងស្ដូបឈ្នះ ឈ្នះ នៅតាមតំបន់ប្រវត្តិសាស្ត្រយោធា អោយក្លាយទៅជាបណ្ដាញប្រវត្តិសាស្ត្រដ៏សំខាន់ផ្សារភ្ជាប់ និងបំពេញបន្ថែមខ្លឹមសារឱ្យគ្នាទៅវិញទៅមក ដែលធ្វើឱ្យគុណតម្លៃនៃនយោបាយឈ្នះឈ្នះ កាន់តែត្រូវបានលើកកម្ពស់៕