ការពារសត្វល្អិតបំផ្លាញដំណាំស្ពៃដោយប្រើថ្នាំពុលផ្សំពីរុក្ខជាតិ

ក្នុងវិស័យកសិកម្មថ្នាំពុលផ្សំពីរុក្ខជាតិជាមធ្យោបាយសម្រាប់កំចាត់ជំងឺ និងសត្វល្អិតនៅលើដំណាំមួយយ៉ាងសំខាន់។

តែទោះបីយ៉ាងណាក៏ដោយ ការប្រើថ្នាំពុលផ្សំពីរុក្ខជាតិ អាចទទួលបានជោជ័យ អាស្រ័យទៅលើចំណេះដឹងបទពិសោធន៍ដែលធ្លាប់អនុវត្តន៍មកនិងការជ្រើសរើសរុក្ខជាតិយកមកប្រើប្រាស់បានសមស្រប។ រុក្ខជាតិដែលអាចយកមកប្រើប្រាស់ជាថ្នាំពុលសំរាប់សំលាប់សត្វល្អិតបានត្រូវមានលក្ខណៈ ល្វីង ចត់ ឆួល ក្រពុល ហិរ ពុល។ ក្នុងនោះដែលយើងបានលើយកបទពិសោធន៍កសិករ ស្រុកស្អាង ខេត្តកណ្តាល គាត់មានបទពិសោធន៍កំចាត់សត្វល្អិតបំផ្លាញដំណាំយ៉ាងមានប្រសិទ្ធភាព ដោយប្រើផ្សំពីរុក្ខជាតិ។ ចំពោះថ្នាំនេះ មានលក្ខណៈបណ្តេញខ្លាំងជាងសំលាប់ មានប្រសិទ្ធភាព ពិសេសសត្វដែលបំផ្លាញចង្កឹះ ដូចជា សត្វត្រចៀកគូឬទាកគូ ដង្កូវយោលទោង ។ល។

១.ធាតុផ្សំ ធាតុផ្សំ និងរបៀបប្រើរបស់គាត់បង្ហាញជូនដូចខាងក្រោម៖ ម្ទេសទុំ ០,៥ គីឡូក្រាម (ប្រភេទរុក្ខជាតិដែលមានជាតិហិរ) រំដេង ២ គីឡូក្រាម (ប្រភេទរុក្ខជាតិដែលមានជាតិឆួល) ស្លឹកគ្រៃ ១ បាច់ (ប្រភេទរុក្ខជាតិដែលមានជាតិឆួល) ផ្លែ និងត្រួយល្ហុងខ្វង ២ គីឡូក្រាម (ប្រភេទរុក្ខជាតិដែលមានជាតិក្រពុល) ផ្លែស្លាក់ ៣ គីឡូក្រាម (ប្រភេទរុក្ខជាតិដែលមានជាតិចត់) វល្ហិ៍មាស ២ គីឡូក្រាម (ប្រភេទរុក្ខជាតិដែលមានជាតិល្វីង) ម្សៅសាប៊ូ

២.របៀបផ្សំ យកធាតុផ្សំទាំងអស់បុកលាយ បញ្ជូលគ្នាអោយម៉ដ្ឋមានដូចជា ម្ទេសទុំ, រំដេង, ស្លឹកគ្រៃ, វល្ហិ៍មាស, ផ្លែស្លាក់, ផ្លែ និងត្រួយល្ហុងខ្វង ហើយច្រោះយកទឹក រួចលាយជាមួយទឹកនោមប្រហែល ១០ លីត្រ។

៣.របៀបប្រើ ក្រោយពីត្រាំជាមួយទឹកនោម (អាចប្រើភ្លាមៗក៏បាន) គាត់ដងយកទឹកថ្នាំ ១ ទៅ ២ លីត្រ លាយជាមួយ ទឹក ១៧ លីត្រ ហើយកូរជាមួយម្សៅសាប៊ូ ១ ស្លាបព្រាបាយ រួចបាញ់លើដំណាំតែម្តង។ ៤.ប្រសិទ្ធភាពនៃថ្នាំពុលដែលផ្សំពីរុក្ខជាតិ ចំពោះថ្នាំនេះ មានលក្ខណៈបណ្តេញខ្លាំងជាងសំលាប់ មានប្រសិទ្ធភាព ពិសេសសត្វដែលបំផ្លាញចង្កឹះ ដូចជា សត្វត្រចៀកគូឬទាកគូ (Flea beetle Leaf) ដង្កូវយោលទោង(Diamond back moth) ជាសត្វល្អិតបំផ្លាញលើដំណាំពពួកស្ពៃដូចជា ខាត់ណាដើម ខាត់ណាផ្កា ស្ពៃក្ដោប និងប្រភេទស្ពៃផ្សេងៗទៀត។ សត្វទាកគូ បំផ្លាញលើពពួកដំណាំអម្បូរស្ពៃដូចដង្កូវយោលទោងដែរ តែវាមិនមានរដូវបញ្ឈប់ការបំផ្លាញដូចដង្កូវយោលទោងឡើយ គឺវាបំផ្លាញ និងបន្តពូជពេញមួយឆ្នាំតែម្ដង។

ដកស្រង់ពី៖នាទីកសិកម្ម