វិធីសាស្ត្រដាំដុះស្អំដើម្បីផ្គត់ផ្គង់ចំណូលប្រចាំថ្ងៃ

ស្អំគឺជាបន្លែម្យ៉ាងដែលអាចកែច្នៃសម្រាប់ធ្វើជាគ្រឿង អន្លួក សម្លរ និងចៀនជាដើម។

ដំណាំមួយប្រភេទនេះអាចធ្វើឲ្យកសិកររកបានចំណូលជាប្រចាំព្រោះយើងត្រូវការតែត្រួយរបស់វាដើម្បីយកទៅលក់ប៉ុណ្ណោះ ហើយវាជាដំណាំមួយដែលមិនប្រកាន់រដូវឡើយ និងអាចបន្តពូជដោយគ្រាប់ និងដើម។ ខាងក្រោមនេះគឺជាបច្ចេកទេសមួយចំនួនក្នុងការដាំដុះស្អំ៖ តម្រូវការបរិស្ថាន ដី៖ ជាដីដែលសម្បូរទៅដោយដីច្រើន មានកម្រិតpH 6.0-7.5 ហើយមានប្រព័ន្ធបង្ហូរទឹកល្អដូចជាដីដែលមានរុន្ធខ្យល់ចេញចូលគ្រប់គ្រាន់។

ពន្លឺ៖ ត្រូវការពន្លឺដោយផ្ទាល់ដើម្បីអាចធ្វើរស្មីសំយោគក្នុងការផលិតអាហារ។ ទឹកភ្លៀង៖ មធ្យម។ អាកាសធាតុ៖ តំបន់ត្រូពិក។ ការជ្រើសរើសកូន ចំពោះការជ្រើសរើសកូនគេអាចកាត់យកមែកស្អំដែលមានអាយុកាលចន្លោះ៨-១២ខែ ព្រះដើមចាស់វាងាយនឹងដុះបានលឿន និងមានប្រសិទ្ធិភាពលូតលាស់លឿន។ ដោយកាត់មែកស្អំប្រវែង ៣០-៤០cm រួចយកទៅច្រលួកក្នុងថ្នាំបណ្ដុះឫសដំណាំ រហូតដល់សើមល្អ(ជ្រលួកត្រង់ចំណុចគល់) បន្ទាប់មកដោតវាទៅក្នុងដីបណ្ដុះដែលយើងបានរៀបចំរួចនៅក្នុងថង់។ ក្រោយពីបណ្ដុះរួចយើងត្រូវស្រោចទឹកវាជាប្រចាំដើម្បីឲ្យវាឆាប់ដុះឫស និងចេញត្រួយ ប៉ុន្តែមិនត្រូវស្រោចទឹករហូតដល់ជាំពេកទេព្រោះអាចនឹងរលួយគល់។

ការរៀបចំដី ស្អំដាំជាលក្ខណៈអាជីវកម្ម កសិករគួរតែធ្វើការភ្ជួរហាលដីជាមុនសិន ដោយភ្ជួរកប់ជាមួយជីសរីរាង្គ(លាមកសត្វឬជីកំប៉ុស្តិ៍) ឬជីគីមីNPK ដោយទុកចោលក្នុងរយៈពេល ៥-៧ថ្ងៃ។ ក្រោយពីភ្ជួរដីរួចគេត្រូវលើកដីជារង ឬមិនលើកជារងក៏បានប៉ុន្តែការដាំជារងងាយស្រួលក្នុងការគ្រប់គ្រងដំណាំជាងការដាំរាយប៉ាយ។ សម្រាប់ដីត្រូវជ្រើសរើសដីណាដែលមិនធ្លាប់ដាំដំណាំឬទើបតែដាំរុក្ខជាតិដែលមានគ្រួសាFabaceaeដូចស្អំ ដំណាំដែលជៀសវាងរួមមានដូចទៅនឹងរូបបញ្ជាក់ខាងក្រោម ព្រោះវាអាចបណ្ដាលឲ្យមានជំងឺឬសត្វល្អិតទៅដល់ស្អំ។ បច្ចេកទេសដាំដុះ ក្រោយពីបណ្ដុះកូនដុះបានស្លឹក៤-៥គូរ ឬត្រួយ៣-៤ គេអាចយកវាទៅដាំនៅលើរង មុនពេលដាក់ដាំកូនគេត្រូវជីករណ្ដៅក្នុងទំហំធំស្មើថង់កូនបណ្ដុះ ដាក់ជីទ្រាប់បាតម្ដងទៀតក៏បានឬមិនដាក់ក៏បាន នៅពេលដាក់កូនស្អំនៅក្នុងរណ្ដៅគេត្រូវកាយដីលុបថ្មមៗដើម្បីកុំឲ្យដាច់ឫសស្អំ បន្ទាប់មកត្រូវស្រោចទឹកវារហូតដល់ដីមានសំណើមល្អដោយមិនជាំឬលិចទឹកពេក ការរៀបចំប្រព័ន្ធទឹក ចំពោះដំណាំមួយប្រភេទនេះគេប្រមូលផលវាដោយយកតែត្រួយប៉ុណ្ណោះ ដូច្នេះហើយគេអាចប្រើប្រាស់នូវប្រព័ន្ធទឹកបាញ់សាចឬSprinkler ។

ប៉ុន្តែយើងក៏អាចប្រើប្រាស់នៅប្រព័ន្ធដំណក់ទឹកប្រសិនបើដីនោះជាប្រភេទដីខ្សាច់ដែលពិបាកក្នុងការ រក្សាសំណើមផងដែរ។ការប្រើប្រាស់ជី វាជាបន្លែយកស្លឹក ដូចនេះវាតែងតែត្រូវការជីណាដែលមានសមាសធាតុអាសូតច្រើនដូចជាជីអ៊ុយរ៉េមានN=៤៦% ម្យ៉ាងទៀតគេអាចប្រើប្រាស់ជីNPKទូទៅដែលមានNខ្ពស់ជាងគេ គួបផ្សំជាមួយជីធម្មជាតិដែលយើងអាចធ្វើដោយខ្លួនឯងដូចជាជីកំប៉ុស្តិ៍ឬរកលាមកសត្វក្នុងភូមិជាដើម។ រីឯពេលវេលានៃការដាក់ជីក៏អាស្រ័យទៅលើម្ចាស់ចំការចង់បានផលតិចឬច្រើន ដោយគេអាចដាក់ ៣០ឬ៦០ថ្ងៃម្ដង និងផ្ដាច់មួយអាទិត្យមុនពេលកាត់។

ដើម្បីអាចផ្គត់ផ្គង់បានស្លឹករាល់ថ្ងៃហើយមិនប៉ះពាល់សុខភាពអ្នកបរិភោគម្ចាស់ចំការត្រូវតែមានផែនការកាលវិភាគសម្រាប់ដាក់ជីជាមុនសិន។ ដោយធ្វើការបែងចែកជាប្លុកដែលប្លុកនីមួយៗត្រូវដាក់ជីក្នុងកំឡុងពេលខុសៗគ្នាដើម្បីកុំឲ្យជាន់គ្នាឬផ្គត់ផ្គង់ទីផ្សារមិនគ្រប់គ្រាន់។ ការប្រមូលផល ជាទូទៅការប្រមូលផលដំណាំស្លឹកគេអាចប្រមូលផលវានៅពេលល្ងាចឬព្រឹកប្រលឹម ជៀសវាងការស្រពោនឬខូចត្រួយស្អំ។ ក្រោយពីប្រមូលផលរួចគេអាចវិចខ្ចប់ស្អំជាមួយនឹងស្លឹកចេកនិងជាដើម។ ចំពោះការកាត់ត្រួយគេត្រូវប្រើប្រាស់កូនកាំបិតឬកន្ត្រៃ ម្យ៉ាងទៀតគេអាចក្ដិចវាដោយដៃ ប៉ុន្តែធ្វើយ៉ាងណាមិនត្រូវឲ្យរលាកសំបកដើមឡើយជៀសវាងឆ្លងជំងឺដល់ដើម។

ដកស្រង់ពី៖នាទីកសិកម្ម