លោក ពារ គឹមធន់ ជាមគ្គទេសក៍ភាសាអង់គ្លេសមួយរូប នៅខេត្តសៀមរាប។ មានរូបរាងស្ដើង អ្នកខេត្តឧត្ដរមានជ័យរូបនេះ មានជំនក់ចិត្តទៅផ្នែកអក្សរសាស្ត្រខ្មែរ និងប្រវត្តិសាស្ត្រ ។ ក្រៅពីអាជីពជាមគ្គទេសក៍ទេសចរណ៍ លោក តែងចំណាយពេលនិពន្ធកំណាព្យកាព្យឃ្លោង ដែលជាចំណង់ចំណូលចិត្តតាំងពីក្មេង។ ជាមួយនឹងនិស្ស័យផ្នែកអក្សរសាស្ត្រ លោក ពារ គឹមធន់ ក៏មានទេពកោសល្យ សរសេរអក្សរស្អាតផងដែរ។
រូបរាងអក្សរមូល និងកោងទ្រេតទៅស្ដាំបន្តិច ព្រមទាំងអក្សរពីមួយទៅមួយច្បាស់លាស់ ងាយស្រួលអាន ទាំងនេះ ជាពុម្ពអក្សរដៃរបស់ លោក ពារ គឹមធន់ ម្ចាស់ជ័យលាភីអក្សរស្អាតជាងគេ ក្នុងកម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» លើកទី១ ដែលរៀបចំឡើង កាលពីឆ្នាំ២០២៤។ លោក គឹមធន់ បានកត់សម្គាល់ថា លោកចាប់ផ្ដើមចាប់អារម្មណ៍លើការសរសេរអក្សរស្អាត នៅពេលលោករៀននៅថ្នាក់ទី៦ ដោយឆ្លងកាត់ការហ្វឹកហាត់ និងរៀនសូត្រពីអ្នកជុំវិញខ្លួន។ មានកត្តាជាច្រើនដែលជំរុញលោក គឹមធន់ ចាប់អារម្មណ៍លើការសរសេរស្អាត ពោលគឺមានមនុស្សជុំវិញលោក ជាអាទិ៍ ជីតា ឪពុក អ៊ំផ្ទាល់របស់លោក ដែលសុទ្ធតែជាអ្នកដែលសរសេរអក្សរស្អាត។ «ជាទម្លាប់ផ្ទាល់ខ្លួនគឺ ខ្ញុំតែងតែស្រឡាញ់ការសរសេរ ការសរសេរមិនដែលធ្វើឱ្យខ្ជិល ឬជិនណាយទេ។ ទម្លាប់មួយទៀត នៅពេលដែលខ្ញុំទៅកន្លែងណាក៏ដោយ គឺតែងមានប៊ិក និងសៀវភៅតាមខ្លួន។»។
នេះជាលើកឡើងរបស់លោក គឹមធន់ មកកាន់សារព័ត៌មានថ្មីៗ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ដែលធ្វើឡើងនៅបណ្តោយស្ទឹងសៀមរាប។ មគ្គទេសក៍ទេសចរណ៍រូបនេះ បន្តឆ្លើយឥតស្ទាក់ស្ទើរថា ល្អបំផុតសម្រាប់ខ្លួន គឺការសរសេរដោយដៃដោយប្រើប៊ិក ជាជាងការសរសេរដោយវាយនឹងក្ដារកំព្យូទ័រ។ សម្រាប់លោក ពារ គឹមធន់ ការសរសេរដោយដៃ គឺលោករីករាយជាមួយនឹងកត់ត្រា ដែលខុសពីការប្រើប្រាស់កុំព្យូទ័រ ដែលធ្វើឱ្យលោកខ្ជិលទៅវិញ។ តែដោយនៅក្នុងសតវត្សរ៍ទី២១ នេះ បច្ចេកវិទ្យា គឺជាប់នឹងជីវភាពប្រចាំថ្ងៃទៅហើយ ដែលលោកមិនអាចប្រកែកដាច់ណាត់ មិនប្រើប្រាស់នោះដែរ។ លោក គឹមធន់ ក៏ប្រើកុំព្យូទ័រដែរ នៅពេលកិច្ចការផ្លូវការ។ ដើម្បីអក្សរឱ្យបានស្អាត លោក គឹមធន់ បែងចែកវាដំណាក់កាលៗ គឺចាប់ពីការជ្រើសរើស តួអក្សរ, អនុវត្តសរសេរតាមតួអក្សរជាប្រចាំ និងការជ្រើសរើសប៊ិកមកប្រើប្រាស់ ទៅតាមពុម្ពអក្សរដែលស្មេរសរសេរ។
ក្រៅពីការហ្វឹកហាត់ អនុវត្តជាប្រចាំ លោក គឹមធន់ ក៏ជឿដែរថា ការសរសេរអក្សរស្អាត ក៏បូកផ្សំនឹងឧបនិស្ស័យពីធម្មជាតិផងដែរ។ ជ័យលាភីផ្នែកអក្សរស្អាត«សំណេរអង្គរ» ឆ្នាំដំបូង លោក គឹមធន់ ក៏នឹងចូលរួមប្រកួតជាថ្មី នៅលើកទី២ ដើម្បីសាកសមត្ថភាពខ្លួន និង ចូលរួមការលើកកម្ពស់ការសរសេរដោយដៃ ជាពិសេសលើកកម្ពស់អក្សរសាស្ត្រជាតិ។ គួរជម្រាបដែរថា «សំណេរអង្គរ»លើកទី២ នឹងរៀបចំឡើងនៅថ្ងៃទី១៩ ខែមករា នៅស្ពានហាល ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលមានបេក្ខជន ១ ២២០អង្គ/នាក់ ព្រមទាំងបរទេសផង ចូលរួមប្រកួត៕
ដកស្រង់ពី៖ថ្មីៗ