Social Network

Esports កម្ពុជា​ប្រកាស​ប្រកួត​ Mobile Legends រកជើងឯកទៅប្រកួតកម្រិតអាស៊ាន

ស្របពេលកីឡាអេឡិចត្រូនិកត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចុងឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន ថ្នាក់ដឹកនាំកីឡានេះក្នុងតំបន់អាស៊ានបានរៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ានដើម្បីស្ទាបស្ទង់កម្រិតសមត្ថភាព។

ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏ជាបេក្ខភាពមួយដែលចូលរួមប្រកួតដែរ។ កាលពីព្រឹកមិញ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងក្រុមហ៊ុន Gentec Work ប្រកាសក្នុងសន្និសីទស្តីពីការប្រកួតជើងឯកវិញ្ញាសា Mobile Legends Bang Bang។ ការចុះឈ្មោះចូលរួមប្រកួតចាប់ពីថ្ងៃទី១០ ដល់២៤ ខែមេសា ឆ្នាំ២០១៩នេះដើម្បីស្វែងក្រុមចំនួន១២៨ឆ្ពោះទៅការប្រកួតជម្រុះតាមអនឡាញពីថ្ងៃទី១ ខែឧសភាតទៅរហូតដល់ស្វែងរកឃើញ៤ក្រុមចុងក្រោយ។

វគ្គ៤ក្រុមចុងក្រោយនឹងរៀបចំការប្រកួតធំលើឆាកនាថ្ងៃទី១៨ ខែឧសភា។ ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១គឺជាក្រុមជើងឯកនឹងតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតជើងឯក Mobile Legends: Bang Bang Southeast Asia Cup 2019 នៅប្រទេសហ្វីលីពីនដែលទាំងការស្នាក់នៅ ធ្វើដំណើរ និងអាហារឧបត្ថម្ភទាំងស្រុងដោយក្រុមហ៊ុន Montoon ដែលជាក្រុមហ៊ុនបង្កើតវិញ្ញាសា Mobile Legends។

សម្រាប់ក្រុមដែលទទួលបានចំណាត់ពីលេខ១ដល់១៥នៃព្រឹត្តិការណ៍ Mobile Legends នៅប្រទេសកម្ពុជានេះនឹងទទួលបានប្រាក់រង្វាន់ដែលសរុបទំាងអស់ចំនួន៦ពាន់ដុល្លារអាមេរិក។ សូមបញ្ជាក់ថា Mobile Legends ជាវិញ្ញាសាមួយក្នុងចំណោមវិញ្ញាសាចំនួន៦នៃកីឡាអេឡិចត្រូនិក (Esports)ដែលត្រូវបានដាក់បញ្ចូលប្រកួតផ្លូវការដណ្តើមមេដាយដូចកីឡាផ្សេងៗក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចុងឆ្នាំនេះនៅប្រទេសហ្វីលីពីន៕

ដកស្រង់ពី៖ Sabay