Social Network

គង់ សំបូរ ប៉ះ សេក គឹមរួន វ៉ៃគ្នាជក់ចិត្តខ្លាំងចុងក្រោយមានម្នាក់ធ្លាក់ត្រឹមជុំទី១

ការប្រកួតជម្រុះជុំទី១ ពានរង្វាន់ TV5 ទម្ងន់ ៦៣,៥គីឡូក្រាម រវាង គង់ សំបូរ និង សេក គឹមរួន គឺពិតជាជក់ចិត្ត និងល្អមើលតែម្ដងខណៈចប់៣ទឹកមានម្នាក់ត្រូវធ្លាក់ចេញពីកម្មវិធីត្រឹមនេះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

គង់ សំបូរ ល្អទាត់ សេក គឹមរួន ល្អដៃ ប៉ះគ្នាលើកនេះប្ដូរគ្នាមិនទុកពេលវេលាឲ្យដើរទៅដោយទទេនោះទេ ពោលគោះជួងភ្លាមវ៉ៃភ្លាមតែម្ដង។ សំបូរ ទាត់ឆ្វេងរហ័ស និងធ្ងន់ ហើយចូលចិត្តឆក់ទាត់មិននៅប្ដូរដៃនោះទេ។

ចំណែក គឹមរួន គឺអាចនិយាយបានថាអ្នកលេងកណ្ដាប់ដៃមួយរូបដែរ។ ដៃរបស់អ្នកប្រដាល់ដើមកំណើត សៀមរាប រូបនេះគឺចេញមិនឈប់មិនឈរឡើយ បើទោះត្រូវរងនិងរន្ទះជើងរបស់សំបូរ ក៏ដោយនៅតែមានៈចូលទៅវ៉ៃដៃដដែល។

លទ្ធផលសម្រាប់ការប្រកួតជម្រុះពានរង្វាន់ TV5 ទម្ងន់ ៦៣,៥គីឡូក្រាម កាលពីថ្ងៃសៅរ៍ ទី១៨ មករា ២០២០ កន្លងទៅនេះគឺ សោម វិឆ័យ ឈ្នះ ផាន់ រះ និង គង់ សំបូរ ឈ្នះពិន្ទុ សេក គឹមរួន។ ដូច្នេះ សោម វិឆ័យ ប៉ះ គង់ សំបូរ នៅជុំទី២ នៃពានរង្វាន់ខាងលើនេះ៕