Neymar ត្រូវបានពិន័យ៣ប្រកួតមិនឲ្យក្នុងកម្មវិធីរបស់ទ្វីបអឺរ៉ុប បន្ទាប់ពី UEFA បានច្រានចោលការប្ដឹងឧទ្ធរណ៍ដោយក្លឹបរបស់គេ Paris St-Germain។
ខ្សែប្រយុទ្ធរបស់ PSG វ័យ២៧ឆ្នាំត្រូវបានចោទប្រកាន់ពីបទប្រមាទដល់អាជ្ញាកណ្ដាល បន្ទាប់ពីក្រុមរបស់គេធ្លាក់ចេញពី Champions League ក្នុងផ្ទះរបស់ Manchester United កាលពីថ្ងៃទី ៦ ខែ មីនា។
គេនៅចាំបានថា ការប្រកួតជើងទីពីរវគ្គ១៦ក្រុមចុងក្រោយ United បានទម្លាក់ PSG ដោយសារបាល់ប៉េណាល់ទីចុងក្រោយរបស់ Rashford នៅនាទី៩០បូក។ ក្រោយពីបញ្ចប់ការប្រកួតនេះ Neymar បានសរសេរវាយប្រហារអាជ្ញាកណ្ដាលលើបណ្ដាញសង្គមថា៖ "វាគឺជារឿងអាម៉ាស់។ ពួកគេឲ្យមនុស្ស៤នាក់ដែលមិនយល់ពីបាល់ទាត់មើលវីដេអូយឺតៗឡើងវិញនៅមុខកញ្ចក់ទូរទស្សន៍"។
សម្រាប់ការប្រកួតទាំងពីរជើងវគ្គ១៦ក្រុមចុងក្រោយ Neymar មិនបានលេង ព្រោះជាប់មានរបួស។ តាមរយៈការពិន័យខាងលើ Neymar នឹងមិនបានលេងនៅ Champions League ៣ប្រកួតក្នុងវគ្គចែកពូល៕
ដកស្រង់ពី៖ Sabay