ថ្ងៃនេះ ក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ បន្តចុះពិនិត្យ និងវាយតម្លៃគ្រាប់បែកគីមីទម្លាក់ដោយអាមេរិក នៅខេត្តស្វាយរៀង
- Details
- Category: Social Security News
(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរអាវុធគីមី ក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះថា ថ្ងៃនេះ ក្រុមបច្ចេកទេសអង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons - OPCW) នឹងបន្តចុះពិនិត្យទីតាំង និងវាយតម្លៃសារធាតុគីមី ក្នុងគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា «ក្រុមបច្ចេកទេសរបស់អង្គការ OPCW នឹងទៅដល់ឃុំគគីរ នៅព្រឹកនេះ ដើម្បីបន្តប្រតិបត្តិការពិនិត្យ និងពិសោធន៍វាយតម្លៃ គ្រាប់បែកគីមីទាំងនោះ»។ តាមលោកឧត្ថមសេនីយ៍ឯក កេ ដា ក្រុមបច្ចេកទេសរបស់អង្គការ OPCW ចំនួន៤នាក់ ជាមួយម៉ាស៊ីនធ្វើតេស្តពិសោធន៍ ដែលដឹកមកពីប្រទេសហូឡង់ផងនោះ បានចុះប្រតិបត្តិការរួចរាល់ហើយ នៅខេត្តដែលរកឃើញគ្រាប់បែកគីមី ទម្លាក់ដោយអាមេរិក គឺខេត្តមណ្ឌលគិរី១០ទីតាំង និងខេត្តត្បូងឃ្មុំ២ទីតាំង ខណៈនៅខេត្តស្វាយរៀង ត្រូវបន្តនៅថ្ងៃទី១៥ ខែធ្នូនេះ។
លោកបន្ថែមថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ នៅខេត្តស្វាយរៀង ដែលជាខេត្តប្រតិបត្តិការចុងក្រោយ ក្រុមបច្ចេកទេសរបស់អង្គការ OPCW នឹងត្រឡប់មកភ្នំពេញវិញ ដើម្បីសរុបការវាយតម្លៃបញ្ចប់ អំពីលទ្ធផលធ្វើពិសោធន៍ លើគ្រាប់បែកគីមី របស់អាមេរិក នៅខេត្តទាំង៣ខាងលើនេះ។
សូមជម្រាបថា ក្រុមបច្ចេកទេសរបស់អង្គការ OPCW បានមកដល់កម្ពុជា នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីមកពិនិត្យ និងវាយតម្លៃគ្រាប់បែកគីមី ដែលទម្លាក់ដោយអាមេរិក តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីរកឃើញគ្រាប់បែកគីមី ជាច្រើនគ្រាប់ និងរួមទាំង បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ បើតាមរបាយការណ៍របស់ស៉ីម៉ាក់ អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះសង្គ្រាមច្រើនឥតគណនា បានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។
ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺមានចំនួន១១៥,២៧៥ទីតាំង មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក មានចំនួនគ្រាប់ទំលាក់ចំនួន ជាង២លាន៥៩ម៉ឺនគ្រាប់ មានទំងន់ជាង២លាន៨សែនតោន (២,៨០៣,៨៦៨,១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួនជាង២៧លាន៩សែនគ្រាប់។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ៕
ដកស្រង់ពី៖FRESH NEWS