Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រយ័ត្នសុវត្ថិភាព! កន្លែង​«​វី​ង​»​ត្រូវចោរ​១ក្រុម​បន្លំ​​​លួច​លុយ​ជាង​៨​ពាន់​ដុល្លារ​ទៀតហើយ​

  • Print

ខេត្តបាត់ដំបង ៖ ទីតាំង«វីង» វេរលុយមួយកន្លែង ត្រូវចោរមួយក្រុម មានប្រុស មានស្រី ប្រើល្បិចបន្លំចូលលួចយកលុយអស់ប្រហែល៨,០០០ដុល្លារអាមេរិក រួចនាំគ្នាឡើងជិះម៉ូតូបណ្ដាក់គ្នា គេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី ០៦ មេសា ដែលស្ថិតនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់។ ជនរងគ្រោះឈ្មោះ សុខ បញ្ញា ភេទស្រ អាយុ៣៨ឆ្នាំ រស់នៅកន្លែងកើតហេតុ។

អ្នកស្រី សុខ បញ្ញា បានប្រាប់កោះសន្តិភាពថា ដំបូងមានស្ត្រីម្នាក់បានជិះម៉ូតូមកឈប់ខាងមុខ រួចដើរចូលទិញ «កូកា និង ទឹកសុទ្ធ» អស់លុយជាង៣ម៉ឺនរៀល។ ក្រោយទិញរួច ស្ត្រីម្នាក់នោះប្រាប់ឲ្យអ្នកស្ត្រីលើកទឹកនិងកូកាយកទៅឲ្យដល់ម៉ូតូ ខណៈស្ត្រីម្នាក់នោះអង្គុយលើម៉ូតូជាស្រេច។

គាត់និយាយថា ស្ត្រីម្នាក់នោះបានហុចលុយឲ្យជាង៣ម៉ឺនរៀល សុទ្ធតែជាលុយរាយឲ្យគាត់រាប់ ខ្ខះមុខ ខ្វះក្រោយ។ ប្រហែលក្នុងឱកាសនេះហើយ ដែលចោរប្រុសម្នាក់បានបន្លំដើរចូលពីចំហៀងទៅប្រមូលយកលុយគាត់អស់ពីក្នុងកិតុ ក្នុងបន្ទប់«វីង» ។ លុះពេលគាត់យកលុយទៅទុក ស្រាប់តែបាត់លុយអស់ ទើបមានការភ្ញាក់ផ្អើល ហើយពេលឆែកកាមេរ៉ាសុវត្ថិភាព ទើបដឹងថា មានចោរបន្លំចូលលួច ព្រោះកាមេរ៉ាសុវត្ថិភាពបានថតជាប់បុរសម្នាក់ពាក់មួយនិងពាក់ម៉ាស់មុខ ដើរចូលទៅលួចលុយ និងដើរចេញពីផ្ទះ រួចឡើងជិះម៉ូតូដែលមានបក្បពួកចាំទទូលនៅលើថ្នល់រួចគេចខ្លួនបាត់។ ចំពោះការបាត់បង់ បើតាមអ្នកស្រី សុខ បញ្ញា បានបញ្ជាក់ថា ទឹកប្រាក់ដែលបាត់បង់មានប្រាក់ខ្មែរ ប្រាក់ថៃ និង ប្រាក់ដុល្លារ ដែលបូកសរុបអស់ជាង៨០០០ដុល្លារអាមេរិក ដែលលុយទាំងអស់ច្រកក្នុងថង់ខ្មៅ ទុកនៅក្នុងកិតុ។

នៅក្នងកាមេរ៉ាសុវត្ថិភាព គេឃើញមានរូបស្ត្រីម្នាក់ជិះម៉ូតូមកឈប់ខាងមុខ រួចដើរចូលទិញទំនិញ បន្តិចក្រោយមកក៏ជិះចេញទៅ ក្រោយប្រគល់លុយថ្លៃទឹកសុទ្ធឲ្យជនរងគ្រោះ។ ប៉ុន្តែស្របពេលជាមួយគ្នានោះ គេឃើញជនស្លៀកពាក់ខ្មៅម្នាក់ ពាក់មួកនិងពាក់ម៉ាស់មុខផង បានដើរចូលពីចំហៀងខាងត្បូង ចូលទៅប្រមូលយកលុយនៅក្នុងបន្ទប់វេរលុយ។ ក្រោយពីប្រមូលបាន ជននេះបានដើរចេញតាមទ្វារចំហៀងខាងជើង រួចធ្វើជាដើរទៅអង្គុយលើបង់ថ្មបន្តិច ក៏ដើរចេញទៅយ៉ាងលឿន ដែលមានកាន់ថង់ខ្មៅច្រកលុយផងផងសំដៅទៅថ្នល់ជាតិ ដែលមានបក្បពួកជិះម៉ូតូមកទទូល រូចជិះឆ្ពោះទៅទិសខាងជើងដោយសុវត្ថិភាព។ បើតាមសាក្សីបាននិយាយថា តាមពិតក្រុមចោរនោះមានបក្សពួកយ៉ាងតិច០៣ម៉ូតូ ដែលជិះឆ្វែលចុះ ឆ្វែលឡើងមុនពេលកើតហេតុ តែពុំមាននរណាម្នាក់ចាប់អារម្មណ៍ពួកនោះជាក្រុមចោរទេ។

លុះក្រោយកើតហេតុបន្តិច មានការភ្ញាក់ផ្អើលទើបគេដឹងថា ក្រុមជិះម៉ូតូឆ្វែលចុះឡើងនោះ ជាក្បសពួកក្រុមចោរ ដោយសារឃើញពួកគេជិះម៉ូតូទៅទទូលគ្នា ដូចមានរូបនៅក្នុងកាមេរ៉ាសុវត្ថិភាពដែរ។ សាក្សីដដែលបានបញ្ជាក់ថា បើតាមពិនិត្យលើសកម្មភាពក្រុមចោរញីឈ្មោលខាងលើនេះ ពួកគេជិះម៉ូតូបណ្ដាក់គ្នា។

មានស្ត្រីម្នាក់ធ្វើជាចូលទិញទំនិញ ហើយមានបុរសម្នាក់ជាអ្នកដើរចូលទ លួចលុយ ខណៈពេលសជនរងគ្រោះកំពុងឈររាប់លុយជាមួយស្ត្រីនោះ រីឯម៉ូតូមួយគ្រឿងឈប់នៅម្ខាងថ្នល់រងចាំដឹកជនដៃដល់ក្រោយលួចលុយបានសម្រេច តែគេឃើញបក្សពួកវាម្នាក់ទៀតឈប់ម៉ូតូឆ្ងាយពីគ្នាប្រហែល៥០ម៉ែត្រ ដែលទំនងជាអ្នកចាំបិទគូទ។ ដោយឡែក បើនិយាយពីសមត្ថកិច្ចវិញ គេមានវត្តមាន លោកនាយនគរបាលប៉ុស្ដ៏រដ្ឋបាល ឃុំស្នឹង តែម្នាក់ប៉ុណ្ណោះ នៅកន្លែងកើតហេតុ ដែលបានចុះទៅសួរនាំជនរងគ្រោះ និង ពិនិត្យកាមេរ៉ាសុវត្ថិភាព។ ក្រោយពិនិត្យកាមេរ៉ាសុវត្ថិភាព និង សួរនាំជនរងគ្រោះបឋម លោក សឿង សុភា នាយប៉ុស្តិ៍រដ្ឋបាលស្នឹង បានធ្វើការសន្នដ្ឋានយ៉ាងខ្លីថា «មេបានប្រាប់ថា បានកំណត់មុខសញ្ញាក្រុមជនរសង្ស័យបានហើយ»។

សូមរំលឹកថា មួយរយៈចុងក្រោយនេះ បទល្មើសជាច្រើនបានកើឡើងនៅក្នុងទឹកដីអាណាចក្រឃុំស្នឹង តែសមត្ថកិច្ចសុទ្ធតែបានអះអាងគ្រប់ករណីថា «កំណត់បាននូវមុខសញ្ញាជនសង្ស័យ» ប៉ុន្តែ រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បង្ក្រាបចាប់ខ្លួនជនសង្ស័យក្នុងករណីណាមួយ បានម្នាក់នៅឡើយទេ។ បទល្មើសដែលសមត្ថកិច្ចអួតថា សុទ្ធតែបានស្គាល់មុខជនសង្ស័យគ្រប់រឿងនេះរួមមាន ករណីគប់គ្រាប់បែកចូលផ្ទះប៉ុនប៉ងសម្លាប់ម្ចាស់ផ្ទះនៅភូមិសំបួរមាស ករណីគាស់ផ្ទះចូលលួចក្រវិលកំប៉ុងស្រាបៀរអស់ជាង១០០កេះ និង រង្វាន់ជាប្រាក់ចំនួនជាង៥០០ដុល្លារ នៅភូមិបឹងចែង លុះមួយថ្ងៃក្រោយមានករណីចោលួចម៉ូតូមួយគ្រឿងទៀត នៅក្នុងភូមិជាមួយគ្នាដែរ និងករណីក្មេងក្មេងអន្ធពាលកាច់បំបាក់បង្គោលភ្លើងសូឡា ហើយកំទេចអំពូលសូឡាចោល នៅភូមិសំបួរមាសដែរ។ បទល្មើសទាំងនេះបានកើតឡើង ហើយសមត្ថកិច្ចសុទ្ធតែអួតថា «កំណត់បានមុខសញ្ញាជនសង្ស័យទាំងអស់» តែបង្ក្រាបមិនបានមួយករណីនៅឡើយទេ រហូតដល់ពេលនេះ ក្រុមចោរញីឈ្មោល បានបន្លំចូលលួចលុយកន្លែង«វីងវេរលុយ» យកអស់ជាង៨០០០ដុល្លារទាំងព្រឹកទៀត លោកសមត្ថកិច្ចបានត្រិមតែអះអាងថា «កំណត់មុខសញ្ញាបានដដែល»។ ពេលនេះ បទល្មើសកាន់តែកើនឡើង ខណៈការបង្ក្រាប ឬ វិធានការទប់ស្គាត់ហាក់គ្មានប្រសិទ្ធភាពបន្តិចសោះ ឬអាចនិយាយថា គ្មានវិធានការសោះតែម្ដង។

នេះនិយាយតែបទល្មើសដែលបានកើតឡើងជាបន្តបន្ទាប់មួយរយៈចុងក្រោយ នៅក្នុងទឹកដីអាណាចក្រឃុំស្នឹង តែមួយប៉ុណ្ណោះ ដែលសមត្ថកិច្ចអ៊ួតដដែលៗថា «កំណត់បានមុខសញ្ញាជនសង្ស័យ គ្រប់រឿង តែបង្ក្រាបមិនបាន»៕

ដកស្រង់ពី៖កោះសន្តិភាព