Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចបណ្តេញ​ជនជាតិ​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី ១៧​នាក់ ចេញពី​កម្ពុជា ក្រោយ​បង្ក្រាប​គ្រឿងញៀ.ន​ក្នុង​ក្លឹ​ប​មួយ នៅ​ខេត្តកណ្តាល

  • Print

រាជធានីភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនជាតិម៉ាឡេស៊ី ចំនួន០៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ចំនួន ១៤នាក់ ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីរៀបចំឯកសារ ត្រៀមបណ្តេញចេញកម្ពុជា បន្ទាប់ពីពួកគេ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្ត «ហ្គាឡាក់ស៊ី១៤២» ភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជនជាតិម៉ាឡេស៊ី និងឥណ្ឌូនេស៊ី សរុបទាំង១៧នាក់ ដែលឃាត់ខ្លួនបានកាលពីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្លឹបកម្សាន្ត «ហ្គាឡាក់ស៊ី១៤២» ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួចរាល់ហើយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីរៀបចំឯកសារបណ្តេញចេញពីកម្ពុជា ។

សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្ត «ហ្គាឡាក់ស៊ី១៤២» ក្នុងភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ធ្វើឡើងកាលពី១២និង០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងដោយមានការសម្របសម្រួលពីលោកស្រី វា សក្តា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណី ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ២៨នាក់ (ស្រី៥នាក់) ដែលក្នុងនោះអ្នកពាក់ព័ន្ធបទល្មើស ជួញដូរ សម្រួលចំនួន ៥នាក់ (ស្រី១នាក់) ត្រូវបានបញ្ជូនទៅតុលាការ រួមមាន ៖ ឈ្មោះ ងន សឹង ភេទប្រុស ជនជាតិខ្មែរ (មេខ្លោង ម្ចាស់ទីតាំង), ឈ្មោះ ស៊ិន ប៊ុនធឿន ភេទប្រុស ជនជាតិខ្មែរ (សម្រួល), ឈ្មោះ ពេជ្រ ប៉ូស្រ៊ូ ភេទប្រុស ជនជាតិខ្មែរ (សម្រួល), ឈ្មោះ ម៉ូហាមេត អារិនបីនសាលីឌីន ភេទប្រុស ជនជាតិម៉ាឡេស៊ី (អ្នកជួញដូរ) និងឈ្មោះ ហេង សុខដា ភេទស្រី ជនជាតិខ្មែរ (មេការ) ។

ដោយឡែកសម្រាប់អ្នកពាក់ព័ន្ធ ការប្រើប្រាស់គ្រឿងញៀន រួមមាន៖ ជនជាតិខ្មែរ ៦នាក់ (ស្រី៤នាក់) ត្រូវបញ្ជូនទៅមណ្ឌលព្យាបាល ស្តានីតិសម្បទា និងជនបរទេស ១៧នាក់ ក្នុងនោះជនជាតិម៉ាឡេស៊ី ៣នាក់(ប្រុស), ឥណ្ឌូនេស៊ី ១៤នាក់ (ប្រុស) ត្រូវបណ្តេញចេញពីកម្ពុជា ។ ចំណែកវត្ថុតាងចាប់យកបាន រួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៧៩.៧២ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៦៣.៣៨ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨.៥២ក្រាម ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព