Social Network

បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកទំនិញកិនស្លាប់

ភ្នំពេញ៖ បុរសម្នាក់ខណៈចេញពីធ្វើការរោងចក្របានប្រញាប់ប្រញាល់ជិះម៉ូតូឆ្លងផ្លូវទៅកាន់ផ្ទះជួលដើម្បីបានហូបបាយថ្ងៃត្រង់ជុំប្រពន្ធ ប៉ុន្តែជាអកុសលបានបុកគ្នាជាមួយមូតូ១គ្រឿងទៀត បណ្ដាលឲ្យដួលហើយក៏ត្រូវរថយន្តដឹកទំនិញ១គ្រឿងកិនអូសប្រមាណ៥០ម៉ែត្រស្លាប់ភ្លាមៗតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីសែនមនោរម្យ ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះប៉ែន ពិសិដ្ឋ អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រស្បែកជើង«យីងដុង» ស្នាក់នៅផ្ទះជួលនៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះចេញពីធ្វើការតោងចក្រហើយបានជិះម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿងពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1JZ-8580 ប្រញាប់ទៅហូបបាយជុំប្រពន្ធនៅផ្ទះជួល។

ខណៈនោះជិះធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង រួចឆ្លងផ្លូវជាតិលេខ៤ ជាអកុសលមានម៉ូតូហុងដាស្កូបពី១គ្រឿងទៀតពណ៍ស ពាក់ស្លាកលេខភ្នំពេញ1JW-6902 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតទៅបានបុកគ្នាពេញទំហឹង។

ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា ខណៈនោះបុរសរងគ្រោះខ្ទាតទៅចំណែកផ្លូវម្ខាង ហើយក៏ត្រូវរថយន្តដឹកទំនិញ១គ្រឿងម៉ាកFUSO ពណ៍សពាក់ស្លាកលេខភ្នំពេពេញ3B-4090 របស់ក្រុមហ៊ុនដឹកជញ្ជូនLMH ។

បើកបរក្នុងទិសដៅពីកើតទៅលិចទៅដល់កិនអូសជាង៥០ម៉ែត្របណ្ដាលឲ្យបែកធ្លាយពោះស្លាប់ភ្លាមៗនៅក្រោមកង់ក្រោយរថយន្ត ចំណែកឯបុរសម្នាក់ទៀតដែលជិះម៉ូតូស្កូបពីពណ៍ស បានរងរបួសធ្ងន់និងត្រូវបានរថយន្តពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់។

ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះទៅសម្រួលចរាចរណ៍មិនឲ្យកកស្ទះ ។

ដកស្រង់ពី៖រស្មីកម្ពុជា