Social Network

សមត្ថកិច្ចបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីជនជាតិថៃវាយជនជាតិខ្មែរនៅផ្សារយួន ក្រុងប៉ោយប៉ែត

ប.ជ័យ / បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៣ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យដៃដល់និងអ្នកពាក់ព័ន្ធក្នុងករណីជនជាតិថៃ១០នាក់វាយដំជនជាតិខ្មែរ៣នាក់នៅចំណុចផ្សារយួន ទឹកដីកម្ពុជាក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត កន្លងមក។

លោកវរសេនីយ៍ ព្រហ្ម ពិសិដ្ឋ អធិការរងទទួលជំនាញព្រហ្មទ័ណ្ឌនៃអធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣វេលាម៉ោង៩និង៣០នាទីមានករណីហិង្សាដោយចេតនា នៅចំនុចផ្សារយួន បង្កឡើងដោយជនជាតិថៃមួយក្រុម ប្រដាប់ដោយកាំបិត ដំបងជ្រុង ដុំថ្ម បានធ្វើសកម្មភាពគប់ វាយទៅលើភាគីម្ខាងទៀតជាប្រជាពលរដ្ឋខ្មែរមួយក្រុម ។

ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឃាត់បានជនជាតិថៃបានចំនួន៦នាក់ យកមកអធិការដ្ឋានដើម្បីសួរនាំ។ លោកបានបន្តថា : បន្ទាប់មកដើមបណ្ដឹងចំនួន៣នាក់ បានមកដាក់ពាក្យបណ្ដឹង ដូចជា ឈ្មោះ ប៉ុន អូន ហៅអាខ្មៅ, ទី ២ឈ្មោះ ហួត សេងហាក់ និង ទី៣ គឺឈ្មោះ វ៉ាន គន្ធា ជានារី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ។

ពួកគេសុទ្ធតែរស់នៅប៉ោយប៉ែត ។ ចំណែកជនសង្ស័យចំនួន៦នាក់សុទ្ធតែ ជាជនជាតិថៃមានឈ្មោះ ឈ្មោះស៊ូរ៉ាដាត អួនផេង (SURADAT OUNPENG )អាយុ១៩ឆ្នាំ, ឈ្មោះ ណាក់ការីន អាការ៉ូស (NAKARIN ARKAROS )អាយុ២២ឆ្នាំ, ឈ្មោះផារិនថន ចៀរសាក់ (PARINTORN JIIESAK)អាយុ២០ឆ្នាំ, ឈ្មោះអ៊ីសសារ៉ា សៃរុង (ISSARA SAIROONG )អាយុ២១ឆ្នាំ, ឈ្មោះ ថាណាផាត.មូស៊ីផាត (THANAPAT MUSIPAT )អាយុ២១ឆ្នាំ, និង ឈ្មោះស៊ីទីឆៃ វង់ឡាកន (SITTICHAI WONGLAKORN ) អាយុ២៣ឆ្នាំ ។

លោក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រឹតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថ្ងៃទី២៥ខែឧសភាថា: ក្រោយពីការសួរនាំ ជនសង្ស័យទាំង៦នាក់ បានឆ្លើយសារភាពខ្លួនពិតជាបានឋិតនៅក្នុងកន្លែងកើតហេតុ ដោយមានកាន់ដុំថ្ម និងដំបងជ្រុង ពិតប្រាកដមែន ។

ដកស្រង់ពី៖រស្មីកម្ពុជា