Social Network

ឆ្លងខេត្ត​មក​ផ្លោះ​របង​ចូល​ហាង​កាហ្វេ​មួយ​កន្លែង យក​លុយ​អស់​រាប់​លាន​រៀល

ខេត្តពោធិ៍សាត់ ៖ មុខសញ្ញាចោរលួចម្នាក់ ត្រូវនគរបាលក្រុងពោធិ៍សាត់ ធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពផ្លោះរបងចូលលួចទ្រព្យសម្បត្តិក្នុងហាងកាហ្វេមួយកន្លែងដែលឈ្មោះថា «ប៉ាខ្ញុំ» ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កាលពីវេលាទៀបភ្លឺ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។

បើតាមសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ ចាន់រិទ្ធ ភេទប្រុសអាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បានមកធ្វើសកម្មភាពឡើងរបងចូលហាងកាហ្វេចំណុចខាងលើ រួចលួចយកកាបូបលុយ និងទូរស័ព្ទចំនួន៣គ្រឿងរបស់ជនរងគ្រោះឈ្មោះ ប៊ុន រ៉ាឌីភេត ភេទប្រុស អាយុ៣៦ឆ្នាំ ជាម្ចាស់ហាងកាហ្វេឈ្មោះថា «ប៉ាខ្ញុំ»។

បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម ក៏បានចាត់កម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាឈានដល់ចាប់ខ្លួនជនសង្ស័យបានភ្លាមៗ រួមជាមួយនឹងវត្ថុតាង កាបូបលុយចំនួន១ ដែលមានលុយខ្មែរចំនួន៣លាន៥០ម៉ឺនរៀល និងទូរស័ព្ទដៃចំនួន៣គ្រឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពឡើងរបងចូលលួចកាបូបលុយ និងទូរស័ព្ទក្នុងហាងកាហ្វេខាងលើពិតប្រាកដមែន»។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព