Social Network

ស្ត្រី​ម្នាក់​ជួប​គ្រោះ​ផ្ទួន​ៗ ខណៈ​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក់​ដឹក​បន្លែ​ទៅ​លក់​បន្ត​នៅ​ផ្សារ​ជម្ពូ​វ័ន​ជាមួយ​ប្តី

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ខណៈពេលជិះម៉ូតូសណ្ដោងរ៉ឺម៉ក់ដឹកបន្លែជាមួយនឹងបុរសជាប្តីធ្វើដំណើរតាមផ្លូវ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយមិនបានសំរេច តែធ្វើអោយស្ត្រីរងគ្រោះធ្លាក់ពីលើម៉ូតូដួលចូលក្រោមកង់រ៉ឺម៉ក់កិនបន្ថែម បណ្តាលឱ្យស្ត្រីរងគ្រោះរងរបួសធ្ងន់ផងដែរ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ម៉ី ណារ៉ូ អាយុ៣៥ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នឹងមានស្រុកកំណើតនៅភូមិសំរោង ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំណែកបុរសជាប្តីវិញសុំមិនបញ្ចេញឈ្មោះ។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញប្តីប្រពន្ធ២នាក់ ជាជនរងគ្រោះបានជិះម៉ូតូសណ្តោងរ៉ឺម៉ក់ដឹកបន្លែគ្រប់មុខ ចេញពីម្តុំផ្សារនាគមាស ក្នុងគោលបំណងយកបន្លែទៅលក់បន្តនៅផ្សារជម្ពូវ័ន ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ដោយបុរសជាប្តីជាអ្នកបើកម៉ូតូ ចំណែកស្ត្រីជាប្រពន្ធ ជាអ្នកអង្គុយលើរ៉ឺម៉ក់ខាងក្រោយ ហើយ បានធ្វើដំណើរតាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់កើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូចំនួន២គ្រឿង មិនចាំម៉ាក បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីជាប្រពន្ធដែលអង្គុយលើរ៉ឺម៉ក់ខាងក្រោយ បណ្តាលអោយដាច់ខ្សែកាបូប តែយកមិនបានសម្រេចនោះទេ ប៉ុន្តែបានធ្វើឲ្យធ្លាក់ស្ត្រីរងគ្រោះធ្លាក់ពីលើរ៉ឺម៉ក់ ហើយក៏ត្រូវរ៉ឺម៉ក់ម៉ូតូដែលបើកដោយបុរសជាប្តីកិនស្ត្រីរងគ្រោះជាប្រពន្ធពីលើបន្ថែមទៀត ដែលធ្វើឲ្យស្ត្រីរងគ្រោះរងរបួសបែកក្បាលហូរឈា.មធ្ងន់ធ្ងរ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋជួយទាក់ទងហៅរថយន្ដសាមុយ មកដឹកស្ត្រីរងគ្រោះយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗផងដែរ។

 ប្រភពដដែលបន្តទៀតថា ដោយឡែកក្រុមជនសង្ស័យវិញ នៅពេលដែលធ្វើសកម្មភាពមិនបានសំរេច ហើយក៏បន្ថែមល្បឿនម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោលអស់តែម្តង។ Picture ក្រោយពេលកើតហេតុ ដោយមិនឃើញមានកម្លាំងសមត្ថកិច្ចចុះទៅកន្លែងកើតហេតុ ហើយនៅសល់រ៉ឺម៉ក់ម៉ូតូជាមួយនឹងបន្លែ ក៏ត្រូវបានបងប្អូនរបស់ជនរងគ្រោះ មកជិះយកទៅតាមក្រោយផងដែរ។ 

ដកស្រង់ពី៖កោះសន្តិភាព