Social Network

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ក្រុម​ចោរឆក់​០៤​នាក់ ទៅ​តុលាការ

រាជធានីភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៣ នឹងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់ទូរសព្ទ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៣ មករានេះ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចអាវុធហត្ថចាប់យកវត្ថុតាង ម៉ូតូចំនួន០២គ្រឿង រួមមាន ៖ ១. ម៉ាក BEAT ពណ៌ស លាយខៀវ ស្លាកលេខ 1AI-4566 ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព) ២.ម៉ាកNEX ពណ៌ស លាយខៀវ ស្លាកលេខ 1JW-0760 ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព) ៣. ស្លាកលេខម៉ូតូចំនួន ០១ (1TF-1518 ភ្នំពេញ)។ ជនសង្ស័យទាំង០៤នាក់ ដែលត្រូវឃាត់ខ្លួនរួមមានឈ្មោះ ៖

១/ ឈ្មោះ អូក ឆាយ ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

២/ ឈ្មោះ ណោង វុទ្ធីគីមឡាយ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

៣/ ឈ្មោះ វា វាសនា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

៤/ ឈ្មោះ មាស រតនៈ ហៅអាហ៊ីង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្ក ខណ្ឌដង្កោ។

កម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានឲ្យដឹងថា កាលពីវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង កែងបុរី ប៊ុន លី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មានក្រុមជនសង្ស័យចំនួន០៥នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីជនរងគ្រោះ ពុំបានសម្រេច ហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ធ្វើការស្ទាក់ចាប់បានជនសង្ស័យម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

កម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានបន្តថា រហូតមកដល់រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានបន្តស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ទៀតជាបន្តបន្ទាប់ ។ ចំណែកបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត ។ ជនសង្ស័យទាំង០៤នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីជនរងគ្រោះ ពិតប្រាកដមែន ។

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនជនសង្ស័យទាំង០៤នាក់ខាងលើ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព