Social Network

លោកអធិការ​រង​ស្រុកបាទី​បដិសេធ​មិន​ពាក់ព័ន្ធ​នឹង​ល្បែង​ស៊ីសងខុសច្បាប់​ក្នុង​មូលដ្ឋាន​ខ្លួនទេ​

លោក ឃុត ឡូ អធិការរងនគរបាលស្រុកបាទីបានធ្វើការបដិសេធថា លោកមិនជាប់ពាក់ព័ន្ធនិងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានស្រុករបស់លោក ដូចដែលលេចឮព័ត៌មានកន្លងមកនោះទេ ។

បញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៣០ មិថុនា ឆ្នាំ២០២២នេះ លោអធិការរងស្រុកបាទីថា មិនដូចអ្វីដែលអ្នកបើកទីតាំងល្បែងអនឡាញលើកឡើងថា លោកជាអ្នកកាងវង់ល្បែងអនឡាញជាច្រើនក្នុងមូលដ្ឋានស្រុកបាទីនោះទេ។ លោកថា លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គលណាដែលយកឈ្មោះលោកទៅធ្វើជារបាំងបិទបាំងល្បែងស៊ីសងខុសច្បាប់ ។លោក ឃុត ឡូ បន្ថែមថា លេចឮមានអ្នកសារព័ត៌មានម្នាក់ ឈ្មោះ ពៅ បានលួចបើកសង្វៀនជល់មាន់មួយកន្លែងតាមបណ្តោយផ្លូវរទេះភ្លើង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី លេងភ្នាល់រាល់ថ្ងៃ ហើយនៅពេលអ្នកកាសែតទៅដល់ពួកគេប្រាប់អ្នកកាសែតថា ទីតាំងនេះជារបស់លោកទៅវិញ ចង់ថតអីថតទៅផ្សាយអីផ្សាយទៅ មានការអីបែជាលោកត្រូវដោះស្រាយទៅវិញ ទាំងដែលលោកមិនដឹងអ្វីសោះ។សូមរំលឹកថា កន្លងមក មានប្រភពបែកធ្លាយជាច្រើនបានលើកឡើងថា វង់ល្បែងនៅក្នុងស្រុកបាទី ដូចជាសង្វៀនជល់មាន់ វង់អាប៉ោង និងជល់មាន់តាមទូរទស្សន៍ ភ្នាល់ស៊ីសងលុយរាប់លានរៀលកំពុងពេញនិយម ហើយពួកគេបើកលេងបានយ៉ាងរលូនបែបនេះ គឺប្រើឈ្មោះ លោក ឃុត ឡូ អធិការរងនគរបាលស្រុកបាទីជាអ្នកកាង ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

ដកស្រង់ពី៖ កោះសន្តិភាព