នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនក្មេងទំនើង៨នាក់ ដេញវាយគ្នា និងថតបង្ហោះលើ TikTok
- Details
- Category: Social Security News
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឃាត់ខ្លួនក្រុមក្មេងទំនើងសរុបចំនួន០៨នាក់ នាំយកមកសាកសួរ ពាក់ព័ន្ធករណីឈ្លោះគ្នាមានកាន់កាំបិតផ្គាក់ ទីប និងដំបង ដេញវាយគ្នា ហើយមានអ្នកថតបាន បង្ហោះតាមបណ្តាញសង្គម TikTok កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ។
លោកវរសេនីយ៌ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ក្មេងទំនើងទាំង២ក្រុម បានសារភាពថា ខ្លួនបានឈ្លោះប្រកែក រករឿងគ្នា ដោយកាន់កាំបិត បំពង់ទីប និងដំបង ក្រោយមានទំនាស់ពាក្យសម្តីនឹងគ្នា ប៉ុន្តែពុំបានវាយគ្នាឲ្យមានអ្នកណាម្នាក់រងរបួសស្នាមឡើយ ។ លោកអធិការនគរបាលស្រុកព្រៃនប់ បន្ថែមថា ករណីនេះមន្ត្រីនគរបាលបានដោះលែងវិញហើយ ក្រោយពីធ្វើការអប់រំណែនាំ និងអញ្ជើញឪពុកម្តាយដែលជាអាណាព្យាបាល ឲ្យមកទទួលយកជាមួយនឹងការរៀបចំឲ្យក្មេងទំនើងទាំងនេះ សុះពះសុំទោសឪពុកម្តាយខ្លួន និងធ្វើកិច្ចសន្យាថា ឈប់ប្រព្រឹត្តអំពើបែបនេះទៀតហើយ ៕
ដកស្រង់ពី៖ កោះសន្តិភាព