Social Network

សំណុំរឿង​ប្តី​ប្រពន្ធ និង​បក្ខពួក វា.យ​គ្នា​ផ្អើល​នៅ​បុរី​អ័​រ​គី​ដេ សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​បញ្ជូន​ទៅ​តុលាការ

សំណុំរឿងប្តីប្រពន្ធវ៉ៃគ្នា (កំពុងប្តឹងលែងលះ ប៉ុន្តែមិនទាន់ចេញសាលក្រម) សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ (ភាគីប្រពន្ធ) បញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីប្រើអំពើហិ.ង្សា ព្រួតគ្នាវាយភាគីខាងប្តី ។

ស្ត្រីជាជនជាប់សង្ស័យឈ្មោះ បូ រ៉ានី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៣១A៨ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ដើមចម ពីការឃាត់ខ្លួនស្ត្រីខាងលើនេះ ត្រូវបានប្រភពព័ត៌មាន បង្ហើបឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ មានករណីហិ.ង្សា ដោយចេតនា មានស្ថានទម្ងន់ទោសមួយ (ព្រួតគ្នាវាយទៅលើជនរងគ្រោះ បណ្តាលឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ) ស្ថិតនៅក្នុងបុរីអ័រគីដេ ផ្លូវជាតិលេខ ៦A ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បង្កដោយភាគីជនសង្ស័យមានគ្នា៥ នាក់ (ខាងប្រពន្ធ) ។

ក្រោយកើតហេតុ ភាគីខាង(ប្តី) ដែលរងរបួស បានទៅដាក់ពាក្យនៅសមត្ថកិច្ច ឲ្យជួយចាត់ការលើករណីហិ.ង្សានេះ ទើបសមត្ថកិច្ច បានសុំការអនុញ្ញាតពីស្ថាប័នអយ្យការ ឃាត់ខ្លួនភាគី ដែលថា ជាជនបង្ក នាំទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ តាមពាក្យបណ្តឹង បានបញ្ជាក់ថា នៅថ្ងៃទី១៦ មិថុនា ២០២២ ភាគីដើមបណ្តឹង(ប្តី) និងប្អូនស្រី រួមជាមួយមិត្តភក្តិប្អូនស្រីម្នាក់ទៀត បាននាំគ្នាទៅមើលផ្ទះ ដែលទិញបង់រំលោះ នៅបុរីអ័រគីដេ ព្រែកលៀប (ផ្ទះទិញរួមគ្នាជាមួយប្រពន្ធ) ក្នុងគោលបំណងលក់វិញ ។

លុះពេល ទៅដល់ស្រាប់តែឈ្មោះ បូ រ៉ានី (ភាគីខាងប្រពន្ធ) និងបក្ខពួក៤ នាក់ (ប្រុស២នាក់) បានធ្វើសកម្មភាព ដោយប្រើប្រាស់ទូរសព្ទដៃ ថតឡាយភាគីខាងប្តី ដែលកំពុងដើរមើលក្នុងផ្ទះនោះ បង្កឲ្យកើតមានជម្លោះ ឈានដល់ភាគីខាងប្រពន្ធ ព្រួតគ្នាវាយទាត់ធាក់ ទៅលើភាគីខាងប្តី ទាំង៣នាក់ ខ្លះបែកក្បាល ខ្លះបែកចិញ្ចើម បែកគុម្ពត្រជៀក របួសកែងដៃ ជាំភ្លៅ និងជ្រុះសក់ ទាំងដុំៗ រួចហើយក្រុមជនបង្ក បាននាំគ្នាគេចខ្លួនបាត់អស់ ។

ចម្លើយជនសង្ស័យឈ្មោះ បូ រ៉ានី នៅចំពោះមុខសមត្ថកិច្ច ក៏បានទទួលស្គាល់ដែរថា ខ្លួននិងបក្ខពួក ពិតជាបានព្រួតគ្នា ធ្វើសកម្មភាពវាយទៅលើភាគីម្ខាងទៀត (ប្តី) ប្រាកដមែន ។ ដោយយោងទៅពាក្យបណ្តឹង រវាងភាគីខាងរងរបួស និងចម្លើយសារភាពរបស់ជនសង្ស័យ ស៊ីសង្វាក់ និងពាក់ព័ន្ធបទល្មើស សមត្ថកិច្ច ក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ដែលសំណុំរឿងនេះបានស្ថិតនៅលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូង បើកការស៊ើបសួរ ។

សូមបញ្ជាក់ថា ដើមបណ្តឹង និងចុងចោទឈ្មោះ បូ រ៉ានី ជាប្តីប្រពន្ធ មានរឿងក្តីក្តាំ ប្តឹងផ្តល់គ្នានៅតុលាការ ដោយសុំផ្តាច់អនីតិសង្វាស (លែងលះ) ព្រោះតែការរស់នៅមិនចុះសម្រុងគ្នា ។ ប៉ុន្តែបណ្តឹងនោះ តុលាការមិនទាន់សម្រេចយ៉ាងនៅឡើយទេ ពោលគឺទាំង២ នាក់ប្តីប្រពន្ធ មិនទាន់មានសាលក្រម លែងលះជាផ្លូវការនោះដែរ ។ ការសាកសួរជនសង្ស័យ បានអូសបន្លាយរហូតដល់ល្ងាចថ្ងៃទី២៩ ខែមិថុនា ទើបតំណាងអយ្យការ បានផ្ញើជនសង្ស័យ ទៅសមត្ថកិច្ចវិញ ដោយមិនទាន់សម្រេចយ៉ាងណា នៅឡើយទេ ៕

ដកស្រង់ពី៖ កោះសន្តិភាព