Social Network

អ្នក​ប្រើប្រាស់ ​និង​ទីតាំង​លក់​បារី​អេ​ឡិច​ត្រូ​និ​ច​ (E-Cigarette)​ ១៥​ទីតាំង ត្រូវបានបង្ក្រាប និងឃាត់ ៣១នាក់ អប់រំ និងធ្វើកិច្

មន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់តាំងកម្លាំងចុះស្រាវជ្រាវ និងបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន ១៥ទីតាំងផ្សេងគ្នា បានជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងរាជធានីភ្នំពេញ ឃាត់មនុស្ស៣១នាក់មកធ្វើការអប់រំនិងធ្វើកិច្ចសន្យា។

នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។របាយការណ៍ បានឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា បានចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន០៩ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដោយបានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិច ចំនួន ១២នាក់(ស្រី៣) និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ចំនួន ៨នាក់ (ស្រី១) មកកាន់មន្ទីរប្រឆាំងគ្រឿងញៀនធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិច និងចាប់យកវត្ថុតាង រួមមាន៖

១-ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិច Vape ចំនួន ១៩ ឈុត

២-ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិច Yooz ចំនួន ២១៥ ឈុត

៣-ទឹកថ្នាំបារីអេឡិចត្រូនិច Vape ចំនួន ១៤១៧ ដប

៤-ទឹកថ្នាំបារីអេឡិចត្រូនិច Yooz ចំនួន ៩៨៥ ដប និង ៩២២ ប្រអប់

ដោយឡែក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបទីតាំងលក់បារីអាឡិចត្រូនិច (E-Cigarette) ចំនួន ០៦ទីតាំងផ្សេងគ្នា ជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ដោយបានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិច ចំនួន ០៨នាក់ (ស្រី១) មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការធ្វើអាជីវកម្មបារីអេឡិចត្រូនិច និងចាប់យកវត្ថុតាងរួមមាន ៖

១-បារីអេឡិចត្រូនិចប្រភេទ Yooz និង Vape ចំនួន ៣៤០៩ ដើម

២-បារីអេឡិចត្រូនិចប្រភេទ Sisa ចំនួន ០៣ ដើម

៣-ទឹកថ្នាំបារីអេឡិចត្រូនិចប្រភេទ Vape ចំនួន ៣៨៣ ដប

៤-ក្បាលបារីអេឡិចត្រូនិចប្រភេទ Yooz និង Vape ចំនួន ១០៣៣ ឈុត

៥-ខ្សែសាកបារីអេឡិចត្រូនិចចំនួន ០៦ប្រអប់ អ្នកលក់បារីអេឡិចត្រូនិច និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច សរុបមានចំនួន ៣១នាក់ (ស្រី៤) មកធ្វើការអប់រំ និងធ្វើកិច្ចសន្យា។

ក្នុងនោះ ប៉ូលិស បានចាប់យកវត្ថុតាងសរុប រួមមាន៖ ១-បារីអេឡិចត្រូនិច Yooz និង Vape ចំនួន ៣៤០៩ ដើម ២-បារីអេឡិចត្រូនិច Sisa ចំនួន ០៣ ដើម ៣-ទឹកថ្នាំបារីអេឡិចត្រូនិច Yooz និង Vape ចំនួន ២៧៨៥ ដប និង៩២២ ប្រអប់ ៤-ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិច Yooz និង Vape ចំនួន ១២៦៦ ឈុត ៥-ខ្សែសាកបារីអេឡិចត្រូនិចចំនួន ០៦ ប្រអប់៕

ដកស្រង់ពី៖ កោះសន្តិភាព