Social Network

ថៃ​៣​នាក់​ធ្វើ​សកម្មភាព​លួច​ឡាន ខណៈ​អ្នក​បើកឈប់នោម​១​ភ្លែត

បុរសជនជាតិថៃ៣នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឈូក ខេត្តកំពត ចាប់ឃាត់ខ្លួនក្នុងករណីលួចរថយន្តរបស់បុរជនជាតិខ្មែរ ។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានឱ្យដឹងនៅព្រលប់ថ្ងៃទី២៩ ខែមិថុនា នេះ ថា ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះថា មានជនបរទេសលួចបេីកយករថយន្តខ្លួនរត់គេចខ្លួន ។ ភ្លាមៗនោះដែរ សមត្ថកិច្ចបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឈូក ពួនស្ទាក់ឃាត់រថយន្តដែលមានដូចភិនភាគខាងលេីបាននៅចំណុចឃុំ បានាវ ស្រុកឈូក ខេត្តកំពត និងឃាត់ខ្លួនជនសង្ស័យ៣នាក់តែម្តង ។

ជនសង្ស័យទាំង៣នាក់ ០១-ឈ្មោះ វែន ភេទនាក់ថាផន ភេទស្រី អាយុ២៩ឆ្នាំ នៅស្រុកអាំផូវ៉ា ខេត្តសាមុតសមខាម ចូលមកប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ តាមច្រកប៉ោយប៉ែតតមរយៈមេខ្ចល់ខ្មែរ មកធ្វើការក្នុងកាសស៊ីណូប៉ោយប៉ែត (ហ្គែមអនឡាញ) ០២-ឈ្មោះ ប៉ាក ឡាំសាភីត ភេទប្រុសអាយុ ២០ឆ្នាំ នៅក្រុងថេប ប្រទេសថៃ ចូលមកកម្ពុជាថ្ងៃទី២៧ខែវិច្ចិការ ឆ្នាំ២០២១ ច្រកប៉ោយប៉ែត តាមរយៈបងប្អូន ធ្វើការប័ណ្ណភាគហ៊ុនកាសស៊ីណូប៉ោយប៉ែត ០៣-ឈ្មោះ យូ សែនស៊ុគគីរ៉ាទិ ភេទប្រុសអាយុ២៧ឆ្នាំ នៅស្រុក កោស៊ីឆាង ខេត្តឈុនបូរី ប្រទេសថៃ ចូលមកកម្ពុជា ថ្ងៃទី០១ខែមេសា ឆ្នាំ២០២១ តាមច្រកប៉ោយប៉ែត មកធ្វការអនឡាញក្នុងកាសស៊ីណូ។

បើតាមសំដីម្ចាស់ឡានឈ្មោះព្រឿង វុធ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្រុងព្រះសុីហនុ ខេត្តព្រះសុីហនុបាននិយាយប្រាប់សមត្ថកិច្ចស្រុកត្រាំកក់ថា នៅថ្ងៃទី២៩ មិថុនា ២០២២ នៅវេលាម៉ោងជាង៧ព្រឹក ជនបរទេស៣នាក់បានម៉ៅឡានរបស់គាត់ចេញពីកាសុីណូជ្រៃធំខេត្តកណ្តាលមកខេត្តកំពត ក្នុងតំលៃ១៥០ដុល្លារ លុះនៅពេលចេញដោយជិះតាមផ្លូវជាតិលេខ៣ ។ម្ចាស់ឡានបានបន្តទៀតថា លុះជិះមកដល់ភូមិយាយឡ ឃុំត្រាំកក់ នៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ គាត់ក៏បានឈប់រថយន្ត ដើម្បីចុះនោមដោយមិនបានពន្លត់ម៉ាសុីនឡានឡើយ ។

ភ្លាមៗនោះ ស្រាប់តែមានជនម្នាក់ក្នុងចំណោម៣នាក់ បានបើករថយន្តចេញទៅយ៉ាងលឿន រួចគាត់បានមកប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រាំកក់ រួចក៏បានរាយការណ៍ដល់លោកអធិការនគរបាលស្រុកត្រាំកក់ ចុះសហការគ្នាជាមួយនគរបាលស្រុកឈូក ក៏បានឃាតនៅស្រុកឈូក ដោយរថយន្តហាយឡេនឌ័រ ពាក់ស្លាកលេខព្រះសុីហនុ2A -2789 ពណ៌ទឹកមាស ។ ក្រោយពេលឃាត់បានរថយន្តពីជនសង្ស័យ នៅព្រឹកថ្ងៃទី៣០ មិថុនា នេះ រថយន្ដត្រូវបានប្រគល់ទៅអោយម្ចាស់វិញហើយ ។ រីឯជនសង្ស័យទាំង៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។

ដកស្រង់ពី៖ កោះសន្តិភាព