Social Network

រថយន្ត​ដឹកឈើ​បុក​បា​រ៉ា​ស់ប៉ះ​រថយន្ត​មេព្រៃ​ខ្ទេច​មួយ​ចំហៀង

រថយន្តកែច្នៃដឹកឈើមួយគ្រឿង បានបើកបុកបារ៉ាស់យោធា ការពារព្រំដែន ហើយក៏បានជ្រុលប៉ះរថយន្តអធិការដ្ឋានរដ្ឋបាលព្រៃឈើកំពុងស្ទាក់បង្ក្រាបបណ្ដាលឱ្យខ្ទេច មួយចំហៀងកាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី ២៩ខែមិថុនាឆ្នាំ២០២២នៅលើផ្លូវក្រួសក្រហម ចូលទៅច្រកព្រំដែន អូរលាវ ហៅដេ១ ស្ថិត នៅក្នុងភូមិ មានជ័យ ឃុំស្រែចារស្រុកស្នួលខេត្តក្រចេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តសាំងយ៉ុងកែច្នៃដឹកឈើមួយគ្រឿងបម្រុង នឹងដឹកឈើ ទៅលក់នៅព្រំដែន ប្រទេសវៀតណាម។ពេលនោះមន្ត្រីជំនាញរដ្ឋបាលព្រៃ ឈើក៏បានចុះបង្ក្រាប។ស្របពេលកំពុងតែចុះបង្ក្រាបរថយន្តដឹកឈើនោះមិនបានឈប់ទេដោយបើកទៅបុកបារ៉ាស់យោធាការពារព្រំដែននិងបុករថយន្តរបស់អធិការមេគង្គនៃអធិការដ្ឋានរដ្ឋបាលព្រៃឈើកំពុងស្ទាក់បង្ក្រាបនៅបារ៉ាស់យោធា។ រថយន្តដឹកឈើបន្ទាប់ពីបុកបារ៉ាស់កៀររថយន្តអធិការមេគង្គភ្លាមក៏ដាច់កង់ក្រោយទៅមុខលែងរួច។ភ្លាមនោះអ្នកបើកបររថយន្តដឹកឈើគេចខ្លួនបាត់។ ក្រោយកើតហេតុមន្ត្រីរដ្ឋបាលព្រៃឈើ ដែលជួបហេតុការណ៍នោះ មិនមានគ្រោះថ្នាក់អ្វីទេ គឺខូចខាតតែរថយន្ត។ ចំណែក រថយន្តដឹកឈើ សមត្ថកិច្ចយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើខ្សឹមនិងកំពុងចាត់វិធានការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖ រស្មីកម្ពជា