Social Network

ល្បិច​មែន​! ខ្ចី​ម៉ូតូ​មួយ​ភ្លែត​ទៅ​ទិញ​ម្ហូប បែរជា​បាត់​ស្រមោល​ឈឹង រំលង១​ថ្ងៃ​ជាប់​ជុង

កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាលប៉ៃលិន បានទទួលពាក្យបណ្តឹង០១ករណី ពីបទរំលោ.ភលើទំនុកចិត្ត ដោយស្គាល់ជាមួយជនរងគ្រោះ ស្រាប់តែជនសង្ស័យប្រើល្បិចខ្ចីម៉ូតូយកទៅទិញម្ហូបក្លែម ក៏ទៅបាត់ស្រមោលតែម្តង ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិតាង៉ែនលើ ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះក្រោយពេលទទួលបានពាក្យបណ្តឹង នគរបាលរដ្ឋបាលក្រុងប៉ៃលិន ក៏បានចុះស៊ើបអង្កេត រួចក៏ដឹងពីតម្រុយ បន្ទាប់មកក៏បានចុះចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ នួន សារឿន ភេទប្រុស អាយុ៦១ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ដោយបានបាត់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន ១C-៥៤៩៨ បន្ទាប់ពីជនសង្ស័យខ្ចីទៅមួយភ្លែត។ ប្រភពដដែលបន្តថា រហូតដល់វេលាម៉ោង០៤និង០០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន បានដឹកនាំកម្លាំងជំនាញផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិផ្សារព្រំ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាំមកសាកសួរ ។

ប្រភពដដែលបន្តទៀតថា ដោយជនសង្ស័យទី១- ឈ្មោះ សំ អាន ហៅកោប ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន មានផ្ទុកសារធាតុញៀ.ន។ និងជនសង្ស័យទី២- ឈ្មោះ រ៉ា សាក់ ហៅវីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀ.ន។ប្រភពដដែលបញ្ជាក់ថា ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ផ្លាកលេខ ប៉ៃលិន១C-៥៤៩៨ ចំនួន០១គ្រឿង។ ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងខាងលើ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីបន្ត៕

ដកស្រង់ពី៖ កោះសន្តិភាព