Social Network

អាជ្ញាធររាជធានីភ្នំពេញ អះអាងថា បាតុករ​ជាអតីត​បុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ ប្រើហិ.ង្សាលើសមត្ថកិច្ច បណ្តាល​ឱ្យរបួស និងបាត់វិទ្យុទាក់ទង-នាឡិកា

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនៅព្រលប់ថ្ងៃទី២៧ ខែមិថុនានេះថា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមបាតុករ ជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ ប្រមាណជា ៧០នាក់ បានបន្តមកប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មខុសច្បាប់ នៅកណ្តាលមហាវិថីសម្តេចសុធារស ដោយដើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុចផ្សារទំនើបអីអន១ មកដល់ស្តុបនាគបាញ់ទឹក។

តាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ លើកនេះ ក្រុមបាតុករបាននាំគ្នាចងក្រណាត់ពណ៌ខៀវរុំក្បាលភ្ជាប់នូវពាក្យស្លោកដូចៗគ្នាថា “កុំយកលុយ ទិញសិទ្ធិ” ដែលនេះបង្ហាញថា ក្រុមនេះបានត្រៀមលក្ខណៈរួចជាស្រេច ក្រោមការរៀបចំផែនការទុកជាមុនរបស់មនុស្សមួយក្តាប់តូចដើម្បីបង្កើតព្រឹត្តិការណ៍មិនល្អ មកលើអាជ្ញាធរមានសមត្ថកិច្ច និងបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រហូតឈានដល់ការប្រើអំពើហិង្សាមកលើសមត្ថកិច្ច បណ្តាលឱ្យសមត្ថកិច្ចមួយចំនួនរងរបួសស្រាល ព្រមទាំងបាត់បង់វិទ្យុទាក់ទងចំនួន ០៥គ្រឿង និងនាឡិកាដៃចំនួន ០១គ្រឿងផងដែរ។

សេចក្តីប្រកាស បន្តថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសា មិនអនុញ្ញាតឱ្យក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ ប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈផ្សេងទៀត ហើយក៏បានប្រើប្រាស់វិធានការអប់រំជាបន្តបន្ទាប់ ទៅលើក្រុមបាតុករ ដើម្បីបញ្ឈប់នូវសកម្មភាពខុសច្បាប់បន្តទៀត។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាស ណែនាំសាជាថ្មីដល់ក្រុមបាតុករ ក្នុងករណីមានបំណងធ្វើការសម្តែងមតិជាសាធារណៈ ត្រូវអនុវត្តតាមនីតិវិធីដែលមានចែងក្នុង ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអាជ្ញាធររាជធានីភ្នំពេញ និងគោរពតាម ការណែនាំផ្សេងៗ ព្រមទាំងធ្វើសកម្មភាពសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ។ បន្ថែមពីនេះទៀត ក្រុមបាតុករមិនត្រូវប្រើប្រាស់ដងផ្លូវសាធារណៈសម្រាប់ធ្វើការជួបជុំគ្នា ប្រមូលផ្តុំ ឬដង្ហែរក្បួនដោយខុស ច្បាប់ ហើយមិនត្រូវធ្វើការបិទផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ពិសេសប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កការកកស្ទះចរាចរណ៍ ព្រមទាំងបង្កការរំខានដល់ការប្រកបរបរអាជីវកម្ម កិច្ចការប្រចាំថ្ងៃ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋដទៃទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព