Social Network

អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀ.ន ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ ពីបទរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួន រួមនឹងសម្ភារវត្ថុតាងគ្រឿងញៀនមួយចំនួន កាលពីវេលាម៉ោង០១និង៤៥នាទីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្លឹបកំសាន្ត ថាច់ដោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេក ប៉ាគិម ភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរ បច្ចុប្បន្នរស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងប្រតិបត្តិការ ជំនាញកងរាជអាវុធហត្ថ ដកហូតវត្ថុតាងរួមមាន ៖ ម្សៅហ្មត់ពណ៌សថ្លា (ខេហិត) ចំនួន០៥កូនថង់កិប មានទម្ងន់៣,៩៩ក្រាម ថ្នាំគ្រាប់រាងបេះដូង ពណ៌ផ្កាឈូក (ថ្នាំក្រវី) ចំនួន០៣គ្រាប់ ទម្ងន់ ១,៤១ក្រាម ។ ក្រោយការឃាត់ខ្លួនជនសង្ស័យរូបនេះត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ៕

ដកស្រង់ពី៖ កោះសន្តិភាព