Social Network

សមត្ថកិច្ចចម្រុះ ខេត្តកំពង់ធំ បង្ក្រាប​ក្រុមអ្នក​លួចកា.ប់បំផ្លាញកូនឈើប្រណិត ក្នុងតំបន់​ហាមឃាត់

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងចម្រុះដឹកនាំ ដោយលោក តិប ញាតា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងលោក ឡង់ គីសឹង អភិបាលស្រុកសន្ទុក បានដឹកនាំកម្លាំង បង្ក្រាបជនទុច្ចរិត ១ក្រុម ដែលកំពុងលួចសង្ងំកាប់បំផ្លាញកូនឈើប្រណិតៗ ដើម្បីយកដី ២៣ហិចតា នៅចំណុចឡូត៍អចិន្ត្រៃយ៍នៃវិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និងសត្វព្រៃ កម្ពុជា-ជប៉ុន។

លោក តិប ញាតា បានអោយដឹងថា ក្រុមទុច្ចរិតទាំងអស់នេះ បានធ្វើសកម្មភាពលួចលាក់កាប់បំផ្លាញកូនឈើប្រណិត ដែលដាំកន្លងមកបន្តិចម្តងៗ អស់រយៈពេលជាច្រើនថ្ងៃមកហើយ លុះដល់បែកការណ៍ នៅពេលកម្លាំងសមត្ថកិច្ចជំនាញរបស់លោក មកដល់ ពួកជនល្មើសបានតដៃជាមួយសមត្ថកិច្ច រហូតដល់ថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមិថុនា ក្រុមទុច្ចរិត បានធ្វើសកម្មភាពរឹតតែខ្លាំង នៅពេលខាងជំនាញយើងចូលទៅឃាត់ ហើយខាងក្រុមជនទុច្ចរិតទាំងអស់នោះ មានគ្នាប្រហែលជា ២០នាក់ បាននាំគ្នាគម្រាមមកលើសមត្ថកិច្ចវិញ ដោយពួកគេមានកាំបិតកកុក កាំបិតខ្វែវ ពូថៅ និងកាំភ្លើងខ្យល់ ជាដើម ទើបតម្រូវឲ្យកម្លាំងយើងប្រើអាវុធ ដើម្បីការពារ និងបង្ក្រាបបាន ដោយបង្ខំឲ្យពួកគេ រត់បាត់អស់ ក្នុងនោះ មន្ត្រីជំនាញបានធ្វើការឃាត់ខ្លួនជនល្មើសបានម្នាក់ ឈ្មោះ អែម ជ្រុយ រួមនិងវត្ថុតាង កំពុងរៀបចំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត និងធ្វើការសាកសួរព័ត៌មានបន្ថែមទៀត ដើម្បីប្រមាញ់រកជនល្មើសផ្សេងៗទៀត។ លោកបន្តថា នៅក្នុងយុទ្ធនាការនេះ កម្លាំងចុះមកបង្ក្រាប និងបានបំផ្លាញទីតាំងក្រុមទុច្ចរិត ដែលបានសាងសង់ជារោងសម្រាប់ស្នាក់នៅសណ្តោះអាសន្នក្នុងការធ្វើសកម្មភាពកាប់បំផ្លាញកូនឈើ រួមមានៈ ដូចជារោងតូចជាច្រើន និងសំភារៈ១ចំនួនផងដែរ ចំណែកកូនឈើក្រុមទុច្ចតរិតទាំងអស់នោះ បានបំផ្លាញកូនឈើ ដូចជា៖ កូនឈើធ្នង់ ឈើបេង និងឈើក្រញូងអស់ ចំនួនជាង ២០០ដើម។

លោកក៏បានអំពាវនាដល់ប្រជាពលរដ្ឋគ្រប់រូប សូមបញ្ឈប់ការកាប់នទ្ទ្រាន្ទព្រៃឈើដោយខុសច្បាប់តទៅទៀត ព្រោះទង្វើនេះ នាំឱ្យមានទោស។យើងត្រូវរួមគ្នាថែរក្សារបរិស្ថានទាំងអស់គ្នា និងរក្សាកូនឈើចម្រុះក៏ដូចជា ជីវចម្រុះ ដែលមានស្រាប់។ រីឯក្រុមទុច្ចរិតទាំងអស់ខាងលើ ដែលបានរត់គេចនោះ សមត្ថកិច្ចយើងកំពុងបានស្រាវជ្រាវចាប់យកផ្តន្ទាទោសតាមនិតិធីច្បាប់។ ប្រភពព័ត៌មាន ដែលសារព័ត៌មានយើង ទទួលបាន ឱ្យដឹងថា មេខ្លោងនៅក្នុងការកាប់បំផ្លាញកូនឈើប្រណិតខាងលើ ត្រូវបានគេស្គាល់ថា ឈ្មោះ សោម សុវណ្ណរិទ្ធ ដោយគេបានយកឈ្មោះថ្នាក់ដឹកនាំកំពូលៗមកគំរាម នឹងអួតក្អេងក្អាងថា គេមានតួនាទី ជាជំនួយការថ្នាក់ដឹកនាំកំពូលផងដែរ។

នៅក្នុងបទល្មើសខាងលើនេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអោយដឹងថា ការកាប់បំផ្លាញព្រៃឈើ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ គឺជាអំពើល្មើស ត្រូវតែធ្វើការផ្តន្ទាទោស ឱ្យបានធ្ងន់ធ្ងរ និងមិនត្រូវបណ្តោយឱ្យរួចខ្លួនពីសំណាញ់ច្បាប់នោះឡើយ៕

ដកស្រង់ពី៖ កោះសន្តិភាព