Social Network

យុវជន​ម្នាក់​បង្ហោះ​វី​ដេ​អូ​ថា ប៉ូលិស​ទារ​លុយ​៣០០​ដុល្លារ លោកស្នងការ​ខេត្ត​ព្រះ​សីហ​នុ បញ្ជា​ឲ្យ​ស្រាវជ្រាវ​ជា​បន្ទាន់​!

ករណីបង្ហោះ និងចែកចាយវីដេអូព័ត៌មានមិនពិតបំពុលសង្គម នៅលើបណ្តាញសង្គម Tik Tok ដោយយុវជនម្នាក់ឈ្មោះ @danh rayout415 ដែលបាននិយាយបង្អាប់បង្ខូចកេរ្តិ៍ឈ្មោះកម្លាំងជំនាញដែលចុះរឹតបណ្តឹងសណ្តាប់ធ្នាប់សាធារណៈ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ កន្លងមកថា បានទារលុយចំនួន៣០០ដុល្លារ ដោយសាររថយន្តរបស់យុវជនរូបនេះ ចតលើការ៉ូឡា ។

ក្រោយពីឃើញការបង្ហោះព័ត៌មានមិនពិតរួចមកភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យមន្ត្រីជំនាញ នៃការិយាល័យសណ្តាប់ធ្នាប់សាធារណៈ ស្រាវជ្រាវករណីនេះជាបន្ទាន់ ។ នៅថ្ងៃទី២៦នេះ មន្ត្រីជំនាញ នៃការិយាល័យសណ្តាប់ធ្នាប់ បានស្រាវជ្រាវរកឃើញថា ម្ចាស់គណនី TikTok ខាងលើមានឈ្មោះពិត វា យ៉ុត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងនាំខ្លួនមកសាកសួរ ។

ក្រោយពីធ្វើការសួរនាំ និងអប់រំរួចមក យុវជន វា យ៉ុត បានសារភាពកំហុស និងបានសរសេរលិខិតសុំទោស ហើយចេញវីដេអូឃ្លីបបង្ហោះក្នុង TikTok បំភ្លឺជាសាធារណៈ កុំភណ្ធ័ច្រឡំ ទៅលើការនិយាយរបស់គាត់កាលពីម្សិលមិញ គឺមិនពិតឡើយ សមត្ថកិច្ចមិនបានទារលុយគាត់ ៣០០ដុល្លារនោះទេ ។ សូមជម្រាបឡើងវិញថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ យុវជន វា យ៉ុត បង្ហោះវីដេអូឃ្លីបក្នុង TikTokឈ្មោះ @danh rayout415 ដោយនិយាយថា មន្ត្រីនគរបាលការិយាល័យសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ ប្រទះឃើញរថយន្តរបស់គាត់ ចតលើការ៉ូឡា ហើយបានណែនាំគាត់រួចហើយទារលុយចំនួន ៣០០ដុល្លារ ៕

ដកស្រង់ពី៖ កោះសន្តិភាព