Social Network

បំបែកសំបុក​ក្រុម​ចោរ​បន្លំ​លួច តាម​កន្លែង​វេរ​និង​ដូរ​លុយ ក្នុង​រាជធានី ខេត្ត​នានា ចាប់ខ្លួន​បន្ដបន្ទាប់​១២​នាក់

កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពត និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ធ្វើការបង្ក្រាបត្រង់ចំណុចសណ្ឋាគារវល្លិ៍មាស ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ដែលក្រុមជនសង្ស័យទាំងអស់នេះ ពាក់ព័ន្ធការធ្វើសកម្មភាពរួមគ្នា ដើម្បីលួចលុយ នៅកន្លែងវេរលុយ និងដូរលុយ ។

ក្នុងនោះ រួមមាន ៖

១.ឈ្មោះ យ័ន្ត វ៉ា ភេទប្រុស អាយុ៦១ឆ្នាំ

២.ឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ

៣.ឈ្មោះ វ៉ា វិចិត្រ ភេទប្រុស អាយុ៤៣ឆ្នាំ

៤.ឈ្មោះ អ៊ន យ៉ាណូ ភេទប្រុស អាយុ៣៩ឆ្នាំ

៥.ឈ្មោះ គឿន ចរិយា ភេទស្រី អាយុ១៨ឆ្នាំ

៦.ឈ្មោះ ហោម ឡាង ភេទស្រី អាយុ២៨ឆ្នាំ

៧.ឈ្មោះ ឈុំ ភិន ភេទស្រី អាយុ៥៥ឆ្នាំ ពាក់ព័ន្ធករណីលួច កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំជំពូវន្ត ស្រុកជុំគីរី ខេត្តកំពត ។

ក្រោយមកនៅវេលាម៉ោង០១និង១៥នាទី ត្រង់ចំណុចផ្ទះសំណាក់ សេង ឆេងហាក់ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កម្លាំងជំនាញបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន ៖

១.ឈ្មោះ ទី ឆុង ភេទ ប្រុស អាយុ៤៥ឆ្នាំ

២.ឈ្មោះ សុខ ចាន់រ៉ែន ភេទប្រុស អាយុ៣៧ឆ្នាំ

៣.ឈ្មោះ នេត ថា ភេទប្រុស អាយុ៣២ឆ្នាំ ។

លុះដល់វេលាម៉ោង០១និង៤៥នាទី ត្រង់ចំណុចផ្ទះសំណាក់ពន្លឺពេជ្រ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កម្លាំងជំនាញបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ បន្ថែមទៀត រួមមាន៖ ១.ឈ្មោះ ស្រី សំអឿន ភេទប្រុស អាយុ៥១ឆ្នាំ ២.ឈ្មោះ ចាន់ ដា ភេទស្រី អាយុ៤២ឆ្នាំ ។

សម្ភារដកហូតរួមមាន ៖

រថយន្តម៉ាក Lexus RX300 ពណ៍ស ស្លាកលេខ ភ្នំពេញ 2W-1584

រថយន្តម៉ាក HIGHLANDER ពណ៍ស ស្លាកលេខ ភ្នំពេញ2AB-4407

ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខ ភ្នំពេញ1IP-7088

ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខភ្នំពេញ 1IV-4359

ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខភ្នំពេញ IU-7595 ។

យោងតាមសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ពួកគេទាំងនោះ ក៏គ្រោងធ្វើសកម្មភាពក្នុងខេត្តកំពង់ធំ និងបន្តទៅធ្វើសកម្មភាពលួចនៅខេត្តសៀមរាបបន្តទៀតផងដែរ ប៉ុន្តែត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ និងអធិការក្រុងស្ទឹងសែន បង្ក្រាបបានទាន់ពេលវេលា និងដោយជោគជ័យ ។ បច្ចុប្បន្ន ជនសង្ស័យចំនួន១២នាក់ខាងលើ និងវត្ថុតាង ត្រូវបាននាំមកកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់ការបន្តតាមនីតិវិធី ។ ពាក់ព័ន្ធករណីនេះដែរ «ចោរស្រីល្បីឈ្មោះខាងលួច តាំងពីក្មេងរហូតដល់ចាស់ យកគុកធ្វើផ្ទះ គឺឈ្មោះ សុខ វណ្ណនី ហៅភិន ជាមេក្លោ » ជាល្បិចកលរបស់ជនខិលខួច ដែលមានលក្ខណៈជាក្រុម ពាក់ព័ន្ធករណីលួចលុយនៅតាមកន្លែងវេរលុយ និងកន្លែងលក់ចាប់ហួយធំៗ និងបានក្រើនរម្លឹក ដល់អាជីវករគ្រប់រូប សូមមានការប្រុងប្រយ័ត្នខ្ពស់ ៕

ដកស្រង់ពី៖ កោះសន្តិភាព