Social Network

នារី​ជនជាតិ​ចិន​បើករថយន្ត​បុក​បុរស​ម្នាក់ ដើរ​តាមផ្លូវ​ស្លាប់ បន្ត​បុក​រថយន្ត​ចំនួន​៤​គ្រឿង​ទៀត

បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ បណ្ដាលមកពីស្ត្រីជនជាតិចិនម្នាក់ បើកបររថយន្តក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលបុក បុរសម្នាក់កំពុងដើរតាមផ្លូវ រួចបន្តទៅបុករថយន្តចតនៅចិញ្ជើមផ្លូវចំនួន០៤គ្រឿងបន្ថែមទៀត ទើបរថយន្តទៅមុខលែងរួច។

នៅវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្បែរក្រសួងអភិវឌ្ឍន៍ជនបទថ្មី តាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស មូលដ្ឋានសង្កាត់បឹងត្របែក ខណ្ឌចំការមន។ តាមប្រភពបានឲ្យដឹងថា នៅមុនពេលកលតហេតុឃើញមានបុរសម្នាក់ដើរតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះស្រាប់តែមានស្ត្រីវ័យក្មេងម្នាក់បើកបររថយន្តសេរីទំនើប ម៉ាក Rangrover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-2013 តាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ស្របទិសគ្នាជាមួយអ្នកដើរ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលបុកអ្នកដើរពីក្រោយយ៉ាងពេញទំហឹង រថយន្តរ៉េចង្កូតទៅបុករថយន្តចតនៅចិញ្ជើមផ្លូវចំនួន០៤គ្រឿង រងការខូចខាតបន្ថែម រួចរថយន្តបង្កថយក្រោយប្រុងបើកគេច មកកិនបុរសរងគ្រោះបន្ថែមទៀត ទើបបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងហេតុតែម្ដង។

សូមបញ្ជាក់ផងដែរ ក្រោយពេលកើតហេតុភ្លាមៗ នគរបាលចរាចរណ៍នៅប្រចាំការគោលដៅក្បែរទីតាំងកើតហេតុ បានឃាត់ខ្លួនស្ត្រីជនជាតិចិនអ្នកបើកបរនោះ ប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលបឹងត្របែក ដើម្បីសួរនាំ។ ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែង ដើម្បីយករថយន្តបង្ក និងរងគ្រោះទៅស្នងការដ្ឋាន ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពត្រូវនគរបាលប្រគល់រថយន្តសាម៊ុយដឹកទៅតម្កល់ រង់ចាំសាច់ញ្ញាតិ មកទទួលធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖ រស្មីកម្ពុជា