Social Network

តុលាការ ប្រកាស​សាលក្រម​សំណុំរឿង លោក អ៊ុ វុ​ទ្ធ​ទី ប្រធាន​សមាគម ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ចិន​-​កម្ពុជា ឆបោក​លុយ​ជាង ៣១ ម៉ឺន​ដុល្លារ ពី​ជនរងគ្រោះ នៅ​ថ្ងៃស្អែក​

តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមផ្តន្ទាទោស លោក អ៊ុ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិត ចិន-កម្ពុជា និងជាប្រធានសមាគម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិន-កម្ពុជា និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះ ប្រមាណជា ៣១ ម៉ឺនដុល្លារ រឿងទិញម៉ាស តែមិនមានម៉ាស ឲ្យជនរងគ្រោះ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ។

ការប្រកាសសាលក្រមនេះ បន្ទាប់ពីតុលាការ បានបើកសវនាការ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ។ ជនរងគ្រោះ ឈ្មោះ ហៃមុនី វីរៈសុធីតា បានប្ដឹងចោទប្រកាន់ ពីឈ្មោះ អ៊ុ វុទ្ធទី ឈ្មោះ អ៊ុ ស្រីល័ក្ខណ៍ និងឈ្មោះ ពេជ្រ សុខបូរមី ពីបទឆបោកប្រាក់ (ទិញ-លក់ម៉ាស ការពារជំងឺកូវីដ១៩) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ទៅការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។យោងតាមដីកាសន្និដ្ឋានស្ថាពរ របស់លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានយល់ឃើញថា តាមចម្លើយរបស់ ដើមបណ្តឹងឈ្មោះ ហៃមុនី វីរៈសុធីតា ភេទស្រី ដែលបានឆ្លើយ នៅដំណាក់កាល មន្ត្រីនគរបាលយុត្តិធម៌ និងនៅដំណាក់កាល ចៅក្រមស៊ើបសួរ បានឆ្លើយមានភាព ប្រហាក់ប្រហែលគ្នា ឲ្យដឹងថាៈ នៅថ្ងៃកើតហេតុ ជនត្រូវចោទខាងលើ គឺពិតជាបានធ្វើសកម្មភាព ឆបោកប្រាក់ ពីដើមបណ្តឹង ពិតមែន ។

ក្រោមរូបភាពឆបោកប្រាក់ ពីដើមបណ្តឹង ដោយអះអាងថា ខ្លួនមានម៉ាសលក់ ឲ្យមកដើមបណ្តឹង លុះដល់បានប្រាក់ពីដើម បណ្ដឹងរួចហើយ ជនត្រូវចោទ ក៏បានយកប្រាក់នោះ ទៅចាយវាយ ជាប្រយោជន៍ផ្ទាល់ខ្លួនតែម្តង ដោយមិនមានម៉ាស យកមកប្រគល់ ឲ្យដើមបណ្តឹងនោះទេ ទោះបីជាដើមបណ្តឹង ព្យាយាមទាក់ទងយ៉ាងណា ក៏ជនត្រូវចោទ ខាងលើ យកលេសគេចវេសរហូត ។ លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដើមបណ្តឹង ក៏នាំជនត្រូវចោទ ឈ្មោះ អ៊ុ វុទ្ធទី ប្រគល់ឲ្យសមត្ថកិច្ច នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញតែម្ដង ។

រីឯជនត្រូវចោទឈ្មោះ ពេជ្រ សុខបូរបី និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ បានរត់គេចបាត់ ។ តាមចម្លើយរបស់ជនត្រូវចោទ ឈ្មោះ អ៊ុ វុទ្ធ ភេទប្រុស ដែលបានឆ្លើយ នៅដំណាក់កាលមន្ត្រី នគរបាលយុត្តិធម៌, នៅដំណាក់កាល អយ្យការអម សាលាដំបូង រាជធានីភ្នំពេញ និងនៅដំណាក់កាល ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ បានឆ្លើយមានភាព ប្រហាក់ប្រហែលគ្នា ឲ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួន គឺពិតជាបានទទួលយកប្រាក់ ពីដើមបណ្តឹង ដោយសន្យាថា យកម៉ាសទៅលក់ ឲ្យដើមបណ្ដឹង ហើយមិនមានម៉ាស ប្រគល់ឲ្យដើមបណ្ដឹងពិតមែន ។

ចំពោះប្រាក់ដែលខ្លួនបានទទួល ពីដើមបណ្តឹងនោះ គឺខ្លួនបានយកទៅ ប្រគល់ឲ្យជនត្រូវចោទ ឈ្មោះ ពេជ្រ សុខបូរបី និងជនត្រូវចោទ ឈ្មោះ អ៊ុ ស្រីល័ក្ខណ៍ ។ តាមចម្លើយរបស់ជនត្រូវចោទ ឈ្មោះ ពេជ្រ សុខបូរមី ដែលបានឆ្លើយ នៅដំណាក់កាលចៅក្រមស៊ើប សួរសាលាដំបូង រាជធានីភ្នំពេញ បានឆ្លើយថា ខ្លួនគឺពិតជាបានទទួលប្រាក់ ពីជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ជា ប្រាក់ថ្លៃកុម្ម៉ង់ទិញម៉ាសពិតមែន ។ ដោយការកុម្ម៉ង់ទិញម៉ាសនោះ គឺឈ្មោះ អ៊ុ វុទ្ធទី កុម្ម៉ង់ទិញ ដើម្បីយកមក ប្រគល់ឲ្យដើមបណ្តឹង ។

នៅក្នុងរឿងនេះ ជនត្រូវចោទឈ្មោះ ពេជ្រ សុខបូរមី ក៏បានសង ប្រាក់ ទៅឲ្យដើមបណ្តឹង ឈ្មោះ ហៃ មុនីវីរៈសុធីតា ចំនួន ៣០,០០០ ដុល្លារ (បីម៉ឺនដុល្លារ) និងប្រគល់ ម៉ាស ចំនួន ២០ កេស ស្មើនឹងប្រាក់ ចំនួន ២១.០០០ ដុល្លារ (ពីរម៉ឺនមួយពាន់ដុល្លារ) ផងដែរ។ តាមរបាយការណ៍សំយោគ លេខ ០៦៧/២០ រ.ប.ក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ របស់កង រាជអាវុធហត្ថ រាជធានីភ្នំពេញ ព្រមទាំងភស្តុតាង ជាឯកសារផ្សេងៗ គឺមានភាពស៊ីសង្វាក់គ្នា ឲ្យតំណាង អយ្យការ កំណត់អង្គហេតុ បានថាៈ កាលពីកំឡុងខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច រាជធានីភ្នំពេញ ពិតជាមានករណី ឆបោកមួយ បានកើតឡើង ដែលបង្កឡើង ដោយជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស អាយុ៣២ ឆ្នាំ (ក្រៅឃុំ) , ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ពិតមែន។

ទង្វើរបស់ជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស អាយុ៣២ឆ្នាំ (ក្រៅឃុំ), ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ដែលបានប្រព្រឹត្ត គឺជាអំពើដែលធ្វើឲ្យ ប៉ះពាល់ដល់ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលច្បាប់បានហាមឃាត់ ហើយ ជនត្រូវចោទជានីតិជន ដែលមានស្មារតីល្អ មានសមត្ថភាពគ្រប់គ្រាន់ ដែលច្បាប់ព្រហ្មទណ្ឌ កំណត់ឱ្យទទួលខុសត្រូវ នូវអំពើដែលខ្លួនបានប្រព្រឹត្ត ។

មានភស្តុតាង និងធាតុផ្សំគ្រប់គ្រាន់ សំរាប់ដាក់បន្ទុក ទៅលើជនត្រូវចោទ ឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស – អាយុ៣២ឆ្នាំ (ក្រៅឃុំ), ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ពីបទៈ ឆបោក ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីកំឡុងខែកុម្ភៈ ឆ្នាំ២០២០, បទល្មើសដែលមានបញ្ញតិ និងឲ្យផ្តន្ទាទោស តាមមាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ ទាក់ទងករណីនេះ លោក អ៊ុ វុទ្ធទី បានបញ្ជាក់ប្រាប់រស្មីកម្ពុជា កាលពីល្ងាច ថ្ងៃទី២៩ ខែកក្កដា ថា “រឿងនេះ កំពុងតែស្ថិតនៅតុលាការ យើងរង់ចាំចម្លើយពីតុលាការ។ ភាគីទាំងពីរ បានព្រមព្រៀងគ្នា ផ្តិតមេដៃ នៅមុខមេធាវី ក្នុងការដកពាក្យបណ្តឹង ហើយរួមគ្នាធ្វើដើមបណ្តឹង ប្តឹងមនុស្សពីរនាក់ទៀត”។

លោក អ៊ុ វុទ្ធទី បានបញ្ជាក់ប្រាប់រស្មីកម្ពុជាថា “គាត់ប្តឹងមនុស្ស ៣ នាក់ ហើយលុយទាំងអស់នឹង គឺនៅលើពីរនាក់ទៀតទេ ហើយខ្ញុំនៅអ្នកកណ្តាល ហើយរឿងនេះ ស្ថិតនៅក្នុងដៃតុលាការ នៅឡើយ ហើយគាត់ដកពាក្យបណ្តឹងអស់ហើយ។ ជាការដកពាក្យបណ្តឹង ក៏ខ្ញុំបានជួយគាត់ ៣ ម៉ឺនដុល្លារ។ ហើយរឿងនេះ យើងមានតែរង់ចាំសាលក្រម ពីព្រោះរឿងនេះ វាស្ថិតនៅក្នុងដៃតុលាការ នៅឡើយទេ។ រឿងនេះតាំងពីឆ្នាំមុន ដោយសារកូវីដ គេលើកសវនាការរហូត។ ចឹងមានតែរង់ចាំសេចក្តីសម្រេច ពីតុលាការ”៕/V

ជនរងគ្រោះឈ្មោះ ហៃមុនី វីរៈសុធីតា

លោក អ៊ុ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិតចិន-កម្ពុជា និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិន-កម្ពុជា

ដកស្រង់ពី៖ រស្មីកម្ពុជា