Social Network

ស្ត្រី​ម្នាក់ ដើរ​ទិញ​ឥ​វ៉ាន់ នៅ​ផ្សារ​ស្ទឹងត្រែង ត្រូវគេ​ល្បួង​ដឹក​ទៅ​កន្លែង​ស្ងាត់ ប្រមូល​យកលុយ​អស់ពី​ខ្លួន​

ស្ត្រីម្នាក់ត្រូវគេអះអាងថា បានសន្សំលុយ យូរៗ មកផ្សារស្ទឹងត្រែងម្តង បែរជាត្រូវជនមិនស្គាល់ អត្តសញ្ញាណ មួយក្រុម ល្បួងដឹកតាមម៉ូតូ ទៅកន្លែងស្ងាត់ ប្រមូលយកលុយ គ្រឿងអលង្ការ និងទូរស័ព្ទដៃ សរុបជាទឹកប្រាក់ អស់ប្រមាណជា ៤ លានរៀល ពីស្ត្រីរងគ្រោះ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

លោក សឿងមុន្នីរ័ត្ន សមាជិកគណៈកម្មការ ផ្សារស្ទឹងត្រែង បានប្រាប់ថាៈ ស្ត្រីម្នាក់ឈ្មោះ វៀន មកពីឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ តែងតែមកទិញឥវ៉ាន់ នៅផ្សារសាមគ្គី ស្ទឹងត្រែង បានចាញ់កលល្បិច ក្រុមឆបោក។ដំបូងឡើយ ហេតុការណ៍នោះ ពុំបានដឹងពីសកម្មភាព គេល្បួងយកលុយនោះ ភ្លាមទេ ព្រោះស្ត្រីរងគ្រោះ មានស្មារតីមិនទាន់ហ្នឹងនរ ហើយបាននិយាយ ប្រាប់អាជីវករ នៅផ្សារក្រោយពីហេតុការណ៍ កើតឡើង។

អាជីវករ បានឲ្យដឹងថាៈ នៅរសៀលថ្ងៃទី១៤ កញ្ញា មានស្ត្រីពីរនាក់ បានល្បួងធ្វើជាជ្រុះគ្រឿងអលង្ការ និយាយដោះដូរលុយ ចែកគ្នា នៅកន្លែងស្ងាត់។ ស្ត្រីទាំង ២ នាក់ ដោយមិនមានអ្នកស្គាល់ អត្តសញ្ញាណ បាននាំស្ត្រីរងគ្រោះ ដើរចេញពីហ្វូងមនុស្ស ទៅមាត់ទន្លេ ក្បែរអតីតសាលាក្រុង មានបុរសម្នាក់ទៀត រង់ចាំធ្វើជាអ្នករត់ម៉ូតូឌុប។ ស្ត្រីរងគ្រោះ បានប្រាប់អាជីវករផ្សារថាៈ ដំបូងឡើយ គាត់បានប្រកែក មិនព្រមទៅតាមស្ត្រី ពីរនាក់នោះទេ ប៉ុន្តែអារម្មណ៍របស់ស្ត្រីរងគ្រោះ ហាក់មានសភាព មិនអាចប្រកែកបាន និងស្រែកប្រាប់ទៅអ្នកដទៃ។

ពេលនាំគ្នាជិះម៉ូតូ ទៅកន្លែងស្ងាត់ នៅចំណុចមិនស្គាល់ ហួសស្ពានសេកុង ទើបក្រុមនោះ ធ្វើសកម្មភាព យកលុយ គ្រឿងអលង្ការ នៅក្នុងកាបូប រួចឱ្យកញ្ចប់ពណ៌ក្រហម ដែលមានសំណ ទៅស្ត្រីរងគ្រោះ និងបានដឹកស្ត្រីរងគ្រោះ មកទម្លាក់នៅក្បែរផ្លូវ រួចក៏គេចខ្លួនបាត់។ ស្ត្រីរងគ្រោះ បានហៅម៉ូតូ អ្នកធ្វើដំណើរ ឆ្លងកាត់ ជិះមកផ្សារស្ទឹងត្រែងវិញ។ ស្ត្រីរងគ្រោះ បាននិយាយថាៈ គាត់ចាំមុខស្ត្រីពីរនាក់ ដែលឆបោក យកប្រាក់ពីគាត់នោះច្បាស់ណាស់ ប្រសិនជាបានជួបម្តងទៀត។

អាជីវករផ្សារស្ទឹងត្រែង បាននិយាយថាៈ រូបភាពក្រុមយកសំណ ដាក់ថ្នាំល្បួង នៅផ្សារសាមគ្គី ខេត្តស្ទឹងត្រែង ដឹកទៅកន្លែងស្ងាត់ យកលុយ និងទ្រព្យសម្បត្តិ អស់ពីខ្លួនពីអ្នករងគ្រោះ តែងតែកើតមាន ជាច្រើនករណីមកហើយ ប៉ុន្តែសមត្ថកិច្ច មិនទាន់ស្រាវជ្រាវ ឃាត់ខ្លួនបាននៅឡើយទេ។ ករណីខាងលើនេះ សមត្ថកិច្ច បានប្រាប់ថាៈ មិនបានទទួលពាក្យបណ្ដឹង ពីករណីដាក់ថ្នាំសណ្ដំ យកលុយនោះឡើយ។ គេឃើញមានស្ត្រីអាជីវករម្នាក់ ដែលបានដឹងហេតុការណ៍ និងបង្ហោះ តាមហ្វេសប៊ុក អំពីករណីស្ត្រីម្នាក់ ចាញ់បោកគេ ល្បួងយកប្រាក់អស់ពីខ្លួន និងឲ្យមហាជន មានការប្រុងប្រយ័ត្ន ចាញ់ល្បិចមនុស្សមួយក្រុម ប្រើរូបភាព ខាងលើនេះ៕/V

ដកស្រង់ពី៖ រស្មីកម្ពុជា