Social Network

បង្ក្រាប​ជាក់ស្ដែង ជនសង្ស័យ ២​នាក់ ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ នៅ​ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលមូលដ្ឋានក្រុងព្រះសីហនុ បានបង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបរបស់ស្ត្រីម្នាក់ ដែលធ្វើដំណើរតាមផ្លូវអូរទី១ រួចបើករត់គេចខ្លួន ។

ប្រជាពលរដ្ឋរាយការណ៍មកថា មានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាកសង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ កាំម៉ូតូពណ៌ស និងមានស្លាកលេខ ព្រះសីហនុ 1F-1214 បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលធ្វើដំណើរតាមផ្លូវអូរទី១ រួចក៏ពួកគេទាំង០២នាក់ បើកម៉ូតូរត់គេចខ្លួន នៅវេលាម៉ោង២១និង៥០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់បង្ក្រាបបានជនសង្ស័យ០២នាក់ និងម៉ូតូ០១គ្រឿង ម៉ាក សង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 នោះបាន នៅចំណុចម្ដុំឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង០២នាក់ មានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ សាន ភារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

២-ឈ្មោះ សែត ចន្ធូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ វត្ថុតាងចាប់យកបានមាន ម៉ូតូ ០១គ្រឿង ម៉ាកសង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 (ជាមធ្យោបាយធ្វើសកម្មភាព) ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ ៕

ដកស្រង់ពី៖កោះសន្តិភាព