Social Network

ផ្តន្ទាទោស​នាយ​រង​ប៉ុស្តិ៍​ម្នាក់​ដាក់​ពន្ធនាគារ​១២​ឆ្នាំ ករណី​ឃាតកម្ម​បាញ់​សម្លាប់​អតីត​ប្រពន្ធ និង​កូន

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោស អតីតនាយរងប៉ុស្តិ៍ទឹកថ្លា ខណ្ឌសែនសុខម្នាក់ឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈ១២ឆ្នាំ និងសំណងជំងឺចិត្តទៅជនរងគ្រោះ២នាក់ ម្នាក់៨០លានរៀល និងម្នាក់៣០លានរៀល ក្រោមការចោទប្រកាន់ពីបទ.ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

សាលក្រមបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនជាភាគីណាមួយកើតទុកមិនសុខចិត្តចំពោះការកាត់ក្តីនេះ។សូមរំលឹកថា កាលពីវេលាម៉ោង៨ និង១០នាទី យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ មានករណីឃាតកម្មមួយកើតឡើងនៅចំណុចមុខមន្ទីរពេទ្យសែនសុខ (IU) ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយខ្មាន់កាំភ្លើងបានបាញ់ចំនួន២គ្រាប់ ចូលក្នុងរថយន្តឡិចស៊ីស RX.300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2M-3050 បណ្តាលឲ្យជនរងគ្រោះម្តាយស្លាប់ និងកូនរងរបួស។ជនរងគ្រោះស្ត្រីជាម្តាយឈ្មោះ សូរ ពៅមរកត អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ស្លាប់) និងកូនស្រីឈ្មោះ ជា អារីយ៉ា ភេទស្រី អាយុ៧ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ (របួសធ្ងន់)។

ក្រោយហេតុការផ្ទុះអាវុធនោះកើតឡើង នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ នគរបាលខណ្ឌសែនសុខ និងនគរបាលខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនដៃដល់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។ពេលឃាត់ខ្លួនជនដៃដល់បានឆ្លើយសារភាពថា មូលហេតុដែលខ្លួនប្រើអាវុធខ្លីបាញ់អតីតប្រពន្ធ និងកូន២គ្រាប់ ចូលក្នុងរថយន្តបណ្តាលឲ្យស្លាប់ និងរបួសនោះ ដោយសារតែភ្លើងប្រចណ្ឌ ដែលពួកគេបានលែងលះគ្នាអស់រយៈពេលច្រើនខែហើយ ប៉ុន្តែនៅមិនដាច់អាល័យពីអតីតប្រពន្ធ និងកូន។

ជនដៃដល់បន្តថា ក្រោយពីលែងលះគ្នាមក គេតែងតែសង្កេតឃើញអតីតប្រពន្ធទាក់ទងបុរសម្នាក់ ហើយខ្លួនធ្លាប់និយាយថាប្រសិនបើលះលែងជាមួយគេហើយ ទៅយកបុរសម្នាក់នោះគឺគេនឹងតាមបាញ់សម្លាប់។

លុះថ្ងៃកើតហេតុគេបានតាមដានឃើញអតីតប្រពន្ធ និងកូនស្រី ជិះរថយន្តជាមួយបុរសនោះមែន ទើបកើតជាមានកំហឹងប៉ុនប៉ងបាញ់សម្លាប់បុរសនោះ ប៉ុន្តែបែរជាត្រូវប្រពន្ធ និងកូនស្រីខ្លួនឯងទៅវិញ។ លុះពេលបាញ់ហើយបានរត់គេចខ្លួនផ្ទះបងស្រី នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏ត្រូវបានសមត្ថកិច្ចនគគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញឃាត់ខ្លួនតែម្តងទៅ៕

ដកស្រង់ពី៖កោះសន្តិភាព