Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹក​អីវ៉ាន់ ONLINE អត់​កាក់កប បង្កើត​របរ​​ថ្មី​ឆ្មក់​ស្ត្រី​ម្នាក់ តែ​មក​ចប់​ត្រឹម​ភ្លើង​ស្តុប​​ក្រហម

  • Print

រាជធានីភ្នំពេញ ៖ បុរសជាអ្នកដឹកអីវ៉ាន់អនឡាញម្នាក់ទំនងជាមិនសូវកាក់កបហើយមើលទៅ បានជាបង្កើតមុខរបរថ្មីមួយទៀត គឺជិះម៉ូតូចេញឆក់ទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវ លុះចុងក្រោយត្រូវអស់លក្ខណ៍ បន្ទាប់ពីជិះម៉ូតូដេញតាមឆក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេច រួចព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែព្រះមិនជួយខណៈពេលជិះរត់ទៅដល់ត្រង់ចំណុចភ្លើងស្តុប ស្រាប់តែភ្លើងស្តុបលោតពណ៌ក្រហមធ្វើឲ្យមានការកកស្ទះទៅមុខលែងរួច ហើយក៏ស្ត្រីរងគ្រោះក៏ជិះម៉ូតូតាមទាន់ និងកាក់ពីមុខ ព្រមទាំងស្រែកថា «ចោរៗ» ទើបអ្នករត់ម៉ូតូកង់បីជួយចាប់ខ្លួនបានតែម្តង បង្កឱ្យមានការការភ្ញាក់ផ្អើលកាលពីម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវទួលពង្រ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាជនសង្ស័យខាងលើនោះឈ្មោះ សៀក រ៉ូស្សា អាយុ២៨ឆ្នាំ មុខរបរដឹកអីវ៉ាន់ online ស្នាក់នៅក្នុងបុរីលឹមឈាហាក់ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកស្ត្រីរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា គាត់គឺជាមន្ត្រីរាជការមួយរូប និងជិះម៉ូតូម៉ាកហុងដាស្កូបពី ១គ្រឿងស៊េរីឆ្នាំ២០១០ ពណ៌ផ្កាឈូកលាយ.ស ពាក់ស្លាកលេខភ្នំពេញ 1AY-9390 រីឯទូរស័ព្ទដែលត្រូវជនសង្ស័យឆក់ម៉ាក Samsung Galaxy S10Plus។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ រួមជាមួយស្ត្រីម្នាក់ទៀតបានជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវទួលពង្រ ពីត្បូងទៅជើង ដោយបានទុកទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូខាងមុខ។

លុះពេលជិះទៅជិតដល់កន្លែងកើតហេតុ ក៏ត្រូវជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1iH-5842 តាមពីក្រោយរួចធ្វើសកម្មភាពឆក់យកទូរស័ព្ទពីឃ្លុបម៉ូតូរបស់ស្ត្រីរងគ្រោះបានសម្រេច រួចព្យាយាមជិះរត់គេចខ្លួន។

ប្រភពដដែលបន្តទៀតថា ខណៈពេលនោះ ជនរងគ្រោះបានស្រែកថា «ចោរៗ» បង្កការភ្ញាក់ផ្អើល ហើយពេលទៅដល់ត្រង់ចំណុចភ្លើងស្តុបក៏បានលោតភ្លើងពណ៌ក្រហម ហើយអ្នកដំណើរទាំងអស់បានឈប់រង់ចាំភ្លើងស្តុបពណ៌ខៀវសិន ជាហេតុបង្កឲ្យកកស្ទះទើបជនសង្ស័យរូបនេះទៅមុខលែងរួច ហើយក៏ត្រូវជនរងគ្រោះជិះមកពីក្រោយ រួចក៏បានមកស្ទាក់ពីមុខ និងបន្តស្រែកថា «ចោរទៀត»។

ពេលនោះ ក្រុមអ្នករត់ម៉ូតូកង់បីនៅជិតនោះ ក៏បាននាំគ្នាជួយឃាត់បានភ្លាមៗ ពេលដែលជនសង្ស័យរូបនោះព្យាយាមផ្តួលម៉ូតូចោល ហើយព្យាយាមរត់គេចខ្លួន។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបានហើយ ក៏ប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីនាំយកទៅសាកសួរ និងចាត់ការតាមច្បាប់តែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព