Social Network

បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​​ជំរឹត​ទារប្រាក់​ទៅ​តុលាការ​

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនក្រុមឧក្រិដ្ឋជនចំនួន៤នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការនីតិវិធី ពាក់ព័ន្ធនឹងករណីចាប់ជនជាតិចិនជំរឹតទារប្រាក់ ។

យោងតាមគេហទំព័រ និងហ្វេសប៊ុកផ្លូវការរបស់អគ្គស្នងការនគរបាលជាតិ ដែលបង្ហោះផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយ កដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ លើករណីចាប់ជំរិតទារប្រាក់មួយករណីដែលបានកើតឡើងកាលពីវេលាម៉ោងប្រហែល៧និង៤៣នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចំណតរថយន្តក្រោមដីជាន់ទី២ នៃអគារ TK RoyalOne ដីឡូតិ៍លេខ១៥០ ផ្លូវ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ជនរងគ្រោះឈ្មោះ Hung Chung Chou ភេទប្រុស អាយុ៥៨ ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ មុខរបរជានាយកក្រុមហ៊ុនមួយ ។

ចំណែកជនសង្ស័យទាំង៤ នាក់ខាងលើ ក្នុងនោះ ១-ឈ្មោះ Tsai Wen Yueh ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនជាតិចិន ជាមេក្លោង ២-ឈ្មោះ ញឹម សុធន់ ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិខ្មែរ ៣-ឈ្មោះ ផុង យ៉ែង ភេទប្រុស អាយុ២៨ឆ្នាំ និង៤-ឈ្មោះ Wu Cheng En ភេទប្រុស ជាជនជាតិចិន ។

សមត្តកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន រថយន្ត១គ្រឿងម៉ាក Lexus 470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២G-៣៧៦៨ (ជាមធ្យោបាយធ្វើសកម្មភាព), អាវុធខ្លីចំនួន២ដើមម៉ាក ឡុក , វិក្កយប័ត្រវីង, ខ្សែខ្នោះជ័រមួយដុំ និងស្កុតរុំ ។

ដោយឡែកនៅសេសសល់បក្ខពួក ម្នាក់ទៀត ឈ្មោះ Wei Yixian ភេទប្រុស ជាជនជាតិចិន សមត្តកិច្ច កំពុងស្នើសុំដីការបស់តុលាការដើម្បីតាមរកចាប់ខ្លួនហើយ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖កោះសន្តិភាព