Social Network

និយ័តករមូលបត្រកម្ពុជា សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាស្តីពី”ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ ក្នុងវិស័យមូលបត្រ នៅកម្ពុជា”

(ត្បូងឃ្មុំ) : ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា និងឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី "ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ ក្នុងវិស័យមូលបត្រ នៅកម្ពុជា " នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ សាលាដំបូងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងក្រុង-ស្រុកទាំង៧ លោកមេឃុំ ចៅសង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា ទន្ទឹមនឹងប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ក្នុងសម័យព័ត៌មានវិទ្យា(Digital)នាពេលបច្ចុប្បន្ន បានផ្ដល់នូវភាពងាយស្រួលយ៉ាងច្រើន ក្នុងការទទួលបានព័ត៌មានពីគ្រប់ទិសទី និងគ្រប់បែបយ៉ាង តាមប្រព័ន្ធអ៉ីនធ័រណេត ដោយបានផ្លាស់ប្ដូរ របៀបរបបនៃការរស់នៅ ជីវិតការងារ ការប្រកបមុខរបរ ក៏ដូចជាការកំសាន្តរបស់យើងគ្រប់ៗគ្នា ។

ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាព៌ត័មាននេះ ក៏មានជនឆ្លៀតឱកាសមួយចំនួន បាននឹងកំពុងធ្វើសកម្មភាពផ្សព្វផ្សាយ និងបញ្ចុះបញ្ចូលប្រជាពលរដ្ឋ ឱ្យដាក់ទុនជួញដូរលើរូបីយប័ណ្ណ ឬហាងឆេងមាស តាមប្រព័ន្ធអនឡាញ ក្នុងគោលបំណង ឆបោកដោយសន្យាថា នឹងទទួលបានអត្ថប្រយោជន៍ ឬប្រាក់ចំណេញច្រើនលើសលុប តាមរូបភាពផ្សេងៗ ដូចដែលយើងបានឃើញតាមរយៈប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុកជាដើម ដែលទាមទារឲ្យប្រជាពលរដ្ឋយើងមានការប្រុងប្រយ័ត្ន តាមរយៈអាជ្ញាធរគ្រប់ថ្នាក់ និងគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ និងទប់ស្កាត់ឲ្យទាន់ពេលវេលា ព្រមទាំងមានវិធានការតាមផ្លូវច្បាប់ចំពោះជនល្មើស ដូចនេះហើយដើម្បីបង្ការ និងទប់ស្កាត់រាល់បទល្មើសទាំងនេះ ទើបថ្ងៃនេះយើងរៀបចំនៅសិក្ខាសាលាស្តីពី "ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ ក្នុងវិស័យមូលបត្រ នៅកម្ពុជា " នេះដោយសង្ឃឹមនឹងជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងទទួលបាននៅព័ត៌មាន ជាធាតុចូលសំខាន់ៗថ្មីៗបន្ថែមទៀត ដើម្បីបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍បន្ថែមទៅកាន់អង្គសិក្ខាសាលាថា ដោយមើលឃើញពីភាពរីកចម្រើន នៃវិស័យមូលបត្រ យ៉ាងឆាប់រហ័ស ក៏មានជនខិលខូចមួយចំនួន បានឆ្លៀតឱកាសឆបោកប្រជាពលរដ្ឋឱ្យដាក់ប្រាក់វិនិយោគ ក្នុងរូបភាព នៃការវិនិយោគលើវិស័យមូលបត្រជាដើម។

ជាក់ស្តែង ន.ម.ក. បានពិនិត្យឃើញថា មានសកម្មភាព នៃការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការដើរកៀរគរ និងការរៀបចំសិក្ខាសាលានានា ដើម្បីទាក់ទាញឱ្យសាធារណជន ធ្វើការជួញដូរលើឧបករណ៍និស្សន្ទ ដូចជា ជួញដូរលើ ហាងឆេងមាស ហាងឆេងរូបិយបណ្ណ ជាដើម ឬប្រមូលមូលនិធិ វិភាគទាន ពីសាធារណជន ហើយគ្រប់គ្រងមូលនិធិទាំងនោះ ដើម្បីប្រើប្រាស់ក្នុងការវិនិយោគ លើគម្រោងវិនិយោគណាមួយ ហើយសន្យាផ្ដល់ដល់អ្នក វិនិយោគទាំងនោះ វិញ នូវផលកម្រៃហិរញ្ញវត្ថុ ឬផលកម្រៃផ្សេងៗ ដែលសកម្មភាពទាំងនេះជាប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រ។

ដោយឡែក បើការកៀរគរមូលនិធិទាំងនោះ ដោយសន្យាផ្តល់នូវប្រាក់ចំណេញខ្ពស់ ប៉ុន្តែជាក់ស្តែង មិនបានយកទៅវិនិយោគលើគម្រោងវិនិយោគណាមួយឡើយ ករណីនេះគឺជាករណីឆបោក ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីការថ្លែងសុន្ទរកថាបើកសិក្ខាសាលារួចមក ក៏មានវាគ្មិនដែលអញ្ជើញចូលរួមមកពីក្រសួងស្ថាប័នចំនួន ៣ រួមមានស្នងការដ្ឋាននគរបាលជាតិ, និយ័តករមូលបត្រកម្ពុជា និងតំណាងមកពីក្រសួងយុត្តិធម៌ បានធ្វើបទបង្ហាញ ស្តីពីបច្ចុប្បន្នភាព នៃការប្រឆាំងបទល្មើសបច្ចេកវិទ្យា, រូបភាពនៃការប្រមូលមូលនិធិ និងការពង្រឹងការអនុត្តច្បាប់ ក្នុងវិស័យមូលបត្រ និងបច្ចេកទេស នៃការស៊ីបអង្គេតហិរញ្ញវត្ថុផងដែរ។

គួររំលឹកបន្ថែមថា៖ សិក្ខាសាលាស្តីពី "ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ ក្នុងវិស័យមូលបត្រ នៅកម្ពុជា "នេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅវិស័យមូលបត្រកម្ពុជា ក៏ដូចជាការពង្រឹងលើវិស័យមូលបត្រ បទល្មើសផ្សេងៗតាមប្រព័ន្ធបច្ចេកវិទ្យា និងនិតិវិធីនៃការអនុវត្តច្បាប់ ចំពោះបទល្មើសហិរញ្ញវត្ថុផងដែរ៕