Social Network

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកតំបែរ

(ត្បូងឃ្មុំ) ៖ រសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី ៤ ឆ្នាំ២០២៤ នៅស្រុកតំបែរ ស្ថិតនៅបរិវេណវត្តពោធិ៍ព្រឹក្ស (ហៅវត្តគោកស្រុក) ភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

វេទិកានេះ មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈភិបាលស្រុកតំបែរ ក្រុមប្រឹក្សាស្រុក តំណាងមន្ទីរអង្គភាពជុំវិញខេត្ត លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋ សរុបជិត៣០០នាក់។

ឯកឧត្តម ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត ក៏បានអានរបាយការណ៍រីកចម្រើន លទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានា នាពេលកន្លងមក ជូនអង្គវេទិកាជ្រាប និងបានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាពេលនេះ ផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយ ចីរភាព និងប្រសិទ្ធភាព។

នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ជាមួយប្រជាពលរដ្ឋនៅស្រុកតំបែរ ប្រជាពលរដ្ឋ បានលើកឡើងជាសំណួរ សំណូមពរ និងសំណើ ជុំវិញបញ្ហា បញ្ហាទំនាស់ដីធ្លី និងប្លង់កម្មសិទ្ធ ការរក្សាសុខសុវត្ថិភាពក្នុងមូលដ្ឋាន ស្នើសុំជួសជុលផ្លូវ ស្នើសុំផ្លូវបេតុង ស្នើសុំលូ ស្នើសុំសំលៀកបំពាក់ប្រជាការពារ ស្នើសុំដាក់បង្គោលភ្លើង ស្នើសុំមីក្រូដាក់វត្ត និងស្នើសុំអគ្គីសនី ព្រមទាំងរៀបចំខ្សែឱ្យមានរបៀបរៀបរយ សរុបចំនួន ១៩ករណី ហើយអង្គវេទិកាបានដោះស្រាយ និងសម្របសម្រួល បានទាំង ១៩ករណី ។

ក្នុងឱកាសនោះ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងថា វេទិកានេះ បានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ បានលើកឡើងនូវមតិយោបល់ សំណើ សំណូមពរ និងអនុសាសន៍ សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋានខេត្តត្បូងឃ្មុំយើង ឱ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត ស្របទៅនឹងការចង់បានរបស់រាជរដ្ឋាភិបាល ទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ ឲ្យកាន់តែល្អប្រសើរឡើង ជាបន្តបន្ទាប់។

ជាចុងក្រោយ មុននឹងបញ្ចប់ ការចុះធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត តាមបណ្តាក្រុង-ស្រុក ទាំង ៧ នៅទូទាំងខេត្តត្បូងឃ្មុំ លោកជំទាវ ឡេង សុខា បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត អភិបាលក្រុង-ស្រុក មេឃុំ និងចៅសង្កាត់ ត្រូវខិតខំយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើស គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងសូមប្រកាសបិទ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៤ ឆ្នាំ២០២៤ នាពេលនេះ ៕