Social Network

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី ២ សហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

(ត្បូងឃ្មុំ)៖ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ (ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម) ដែលមានឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានក្រុមប្រចាំភូមិភាគទី២ បានសហការជាមួយគ្រូពេទ្យស្ម័គ្រចិត្ត Solidarity Mission (Bioderma) ប្រទេសបារាំង អញ្ជើញជួបសំណេះសំណាល និងចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែវិច្ឆិកា និងនៅខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីចុះសំណេះសំណាល និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ សរុបចំនួន ៥៧៧ នាក់ ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម ស៊ាក ឡេង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានសហការជាមួយគ្រូពេទ្យស្ម័គ្រចិត្ត Solidarity Mission (Bioderma) ប្រទេសបារាំង អមដំណើរពីសំណាក់ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះឯកឧត្តម ស៊ាក ឡេង សមាជិកព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងតែងគិតគូពីសុខភាពប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា ក៏ដូចជាសេចក្តីនឹករលឹកពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសលើសេវាសាធារណៈវិស័យសុខាភិបាល ដោយបានបង្កើតឱ្យមានមន្ទីរពេទ្យបង្អែកក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ដែលជាមន្ទីរពេទ្យដែលបំពាក់ដោយបរិក្ខាពេទ្យទំនើបៗ ព្រមទាំងមានការសហការជាមួយក្រុមគ្រូពេទ្យមកពីបរទេស ដែលមានជំនាញវិជ្ជាជីវៈក្នុងការព្យាបាលដល់បងប្អូនប្រជាពលរដ្ឋយើង។

ព្រមជាមួយគ្នានោះ ឯកឧត្តម សមាជិកព្រឹទ្ធសភាបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមបុគ្គលិកអង្គការ និងគ្រូពេទ្យស្ម័គ្រចិត្ត Solidarity Mission (Bioderma) ប្រទេសបារាំង ដែលបានជួយសម្របសម្រួល និងសហការឱ្យមានពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន។

ឯកឧត្តម បានគូសបញ្ជាក់ថា សមិទ្ធផលដែលទទួលបានគឺផ្តើមមកពីការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ជាស្ថាបនិក មគ្គុទេសឯក នយោបាយឈ្នះ ឈ្នះ បាននាំកម្ពុជា ទទួលបានសន្តិភាពពេញលេញ ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យប្រទេសជាតិយើង សម្រេចបានជោគជ័យយ៉ាងធំធេង បង្កើតបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើន លើគ្រប់វិស័យ ជូនជាតិមាតុភូមិ និងប្រជាជន គួរជាទីមោទនភាពបំផុត និងសូមជឿជាក់លើរាជរដ្ឋបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាចុងក្រោយ ឯកឧត្តម ស៊ាក ឡេង សមាជិកព្រឹទ្ធសភា ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលការពិនិត្យព្យាបាលជំងឺទាំងអស់គ្នា ត្រូវខិតខំយកចិត្តទុកដាក់ ថែរក្សាសុខភាពឱ្យបានល្អប្រសើរ ព្រមទាំងស្លៀកនូវសម្លៀកបំពាក់ឱ្យបានក្រាស់ៗ ក្នុងខែត្រជាក់នេះ ហើយត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានទៀងទាត់ និងពិសាអាហារណាដែលមានអនាម័យ និងកាត់បន្ថយ ការទទួលទានអាហារណាមានជាតិប្រៃ និងផ្អែម ដើម្បីទទួលសុខភាពល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បាននាំយកនូវឱសថចំនួន១៥កេសធំ និងបរិក្ខារពេទ្យ មានគ្រែពេទ្យចំនួន០២ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារផងដែរ។ បន្តមកនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម ជឹម លាវ សមាជិកក្រុម និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានសហការជាមួយវេជ្ជបណ្ឌិតស្ម័គ្រចិត្ត Solidarity Mission (Bioderma) នៃប្រទេសបារាំង អញ្ជើញចុះពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃសរុបចំនួន ៤២០នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម  ។

ក្នុងឱកាសនោះ ឯកឧត្តម ជឹម លាវ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ក្រុមបុគ្គលិកអង្គការ និងក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្ត Solidarity Mission (Bioderma) មកពីប្រទេសបារាំង ដែលបានជួយសម្របសម្រួល និងសហការយ៉ាងរលូនឱ្យមានពិធីពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះ។

ពិធីនេះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បាននាំយកនូវឱសថចំនួន៣០កេសធំ និងបរិក្ខារពេទ្យ ដែលមានគ្រែពេទ្យចំនួន០១ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរផងដែរ៕