Social Network

រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរកិច្ចការនារីខេត្ត ធ្វើយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាបញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ នី ចាន់ ធីតា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិនៃក្រុម GBV ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាបញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក ។

ពិធីនេះធ្វើឡើង នៅសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ដា ស្ថិតនៅឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រី នៃមន្ទីរកិច្ចការនារីខេត្ត អាជ្ញាធរស្រុក មេឃុំ នាយកសាលា លោកគ្រូ-អ្នកគ្រូ មេប៉ុស្តិ៍ និងសិក្សានុសិស្ស ចូលរួមប្រមាណជា ២០០ នាក់។

លោកស្រី ទី លីហ្វាន់ អភិបាលរងស្រុកមេមត់ បានមានមតិស្វាគមន៍ និងការចូលរួមយ៉ាងសកម្ម របស់រដ្ឋបាលស្រុក ជាមួយរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរកិច្ចការនារីខេត្ត អនុវត្តយន្តការថ្នាក់ខេត្ត ក្នុងការសម្របសម្រួល លើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមទប់ស្កាត់អំពើហិង្សាលើកស្ត្រីគ្រប់រូបភាព ឆ្លើយតបទៅនឹងតម្រូវការ របស់ជនរងគ្រោះ ក្នុងគោលដៅរួម គឺចូលរួមបង្ការ ទប់ស្កាត់ និងឆ្លើយតបជាពហុវិស័យដល់ជនរងគ្រោះ ដោយអំពើហិង្សា ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។

ជាមួយគ្នានោះ លោកស្រី ថន គឹមស្រ៊ន់ ប្រធានមន្ទីរកិច្ចការនារីខេត្ត ក៏បានលើកឡើងពីប្រវត្តិយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អំណាចឱ្យស្រ្តី ព្រមទាំងការពារក្មេងស្រី និងក្មេងប្រុសពីអំពើហិង្សា ។

ហើយសកម្មភាពទាំងនេះ បានប្រារព្ធធ្វើជាសកល និងរៀងរាល់ឆ្នាំ តាមរយៈកិច្ចសហការជាមួយអង្គការដៃគូ អង្គការមិនមែនរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ដើម្បីបញ្ឈប់អំពើហិង្សាគ្រប់រូបភាពលើស្រ្តី និងក្មេងស្រី ក្នុងការលើកកម្ពស់ភាពសុខដុរម្យនា និងភាពរុងរឿងក្នុងគ្រួសារ សហគមន៍ សង្គម និងនៅកន្លែងធ្វើការងារ។

ទន្ទឹមនោះដែរ ក៏មានកម្មវិធីសំណួរ និងចម្លើយទទួលរង្វាន់ ដែលរៀបចំឡើង ដោយមានលោកស្រី កង ស៊ីម៉ែន អនុប្រធានកិច្ចការនារីខេត្ត ជាអ្នកសម្របសម្រួល ផងដែរ ។

ថ្លែងនាឱកាសនោះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ (GBV) ខេត្ត បានលើកឡើងថា អំពើហឹង្សាលើស្ត្រី និងក្មេងស្រី បានកើតមានក្នុងខេត្តត្បូងឃ្មុំ រួមមាន ៖ ស្រុកមេមត់ ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងស្រុកមួយចំនួនទៀត ដែលកុមារ និងស្ត្រី ត្រូវបានរំលោភបំពាន។

អំពើហឹង្សាទាំងនេះ ភាគច្រើនកើតឡើងលើស្ត្រីនិងក្មេងស្រី ចន្លោះអាយុពី ៣ឆ្នាំ ដល់១៥ឆ្នាំ ហើយអំពើហឹង្សាខ្លះ កើតឡើងមក ពីសំណាក់អ្នកមានសិទ្ធអំណាចជាមេគ្រួសារ ដោយការមិនចេះអត់ឱន អាធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនោះក៏មានបញ្ហាបំណុល ការសេបគ្រឿងស្រវឹង និងល្បែងស៊ីសងផងដែរ។

លោកជំទាវបានគូសបញ្ជាក់ថា ដោយមើលឃើញពីបញ្ហាអំពើហឹង្សានេះ ទើបមន្ទីកិច្ចការនារីខេត្ត ដែលជាសេនាធិឱ្យក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្ត បានធ្វើយុទ្ធនាការ ១៦ថ្ងៃ នេះឡើង ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ធ្វើយ៉ាងណា លុបបំបាត់ឱ្យបាន នៅអំពើហឹង្សានេះ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាល១ របស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ភាពក្រីក្រ ព្រមទាំងធ្វើយ៉ាងណាឲ្យសម្រេចឱ្យបាន គោលដៅកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកជំទាវ នី ចាន់ធីតា ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សា ដែលពាក់ព័ន្ធនឹងយេនឌ័រគ្រប់ទម្រង់ដូចជា៖ អំពើហិង្សាក្នុងគ្រួសារ, ការរំលោភផ្លូវភេទ ការជួញដូរស្រ្តី និងកុមារជាដើម ជាពិសេសនៅតាមបណ្តាក្រុង ស្រុកទាំង ៧ របស់ខេត្ត ត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពការងារ។

គួរបញ្ជាក់ផងដែរថា: យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ រួមគ្នាបញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីសិទ្ធរបស់ស្ត្រី និងក្មេងស្រី ព្រមទាំងធ្វើកាអប់រំដល់ប្អូនៗសិស្សានុសិស្ស ឱ្យយល់ដឹងអំពីបញ្ហាអំពើហឹង្សា ការរំលោភបំពានផ្លូវភេទ អំពើហឹង្សាផ្នែករាងកាយ អំពើហឹង្សាផ្លូវចិត្ត និងបង្ករជាជំងឺមហារីកនៃអំពើហឹង្សាផងដែរ៕