(ត្បូងឃ្មុំ) : រសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម យឹម គឹមហ៊ន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល ក្រោមប្រធានបទ ការពង្រឹងភាពជាដៃគូរវាងរដ្ឋបាលខេត្ត ជាមួយសហគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងសមាគមនានា នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។
វេទិកានេះ មានអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត តំណាង ឯកឧត្តមសាកលវិទ្យាធិការ នៃសកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ លោក ផាន់ គឹមសន នាយករងរដ្ឋបាល សាលាខេត្ត តំណាងមេបញ្ជាការ និងកងកម្លាំងទាំង ៣ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលខេត្ត លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត លោកនាយកទីចាត់ការ និងប្រធានអង្គភាព ចំណុះសាលាខេត្ត តំណាងអភិបាល ក្រុង ស្រុក ប្រធាន-អនុប្រធាន ការិ.ចំណុះទីចាត់ការអន្តរវិស័យ អធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ លោកនាយប៉ុស្តិ៍រដ្ឋបាល ឃុំ-សង្កាត់ ព្រមទាំងមានការចូលរួមពី អង្គការ សមាគម មិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តត្បូងឃ្មុំ ប.ស.ស.ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើរូប ។
លោក ផាន់ គឹមសន នាយករង រដ្ឋបាលសាលាខេត្ត បានរាយការណ៍សង្ខេបអំពីស្ថានភាព និងបច្ចុប្បន្នភាព អំពីសមាគម អង្គការសង្គមស៊ីវិល និងសហគមន៍ ដែលធ្វើសកម្មភាពប្រតិបត្តិការណ៍ក្នុងខេត្តត្បូងឃ្មុំ ដោយក្នុងនោះ សមាគម ចំនួន ៣៥, អង្គការ ចំនួន ០៩, សហគមន៍កសិកម្ម ចំនួន ៣៤, សហគមន៍នេសាទ ចំនួន ១០ និងសហគមន៍ព្រៃឈើ ចំនួន ០២ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត បានលើកឡើងថា វេទិកាពិគ្រោះយោបល់ ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងអង្គការសង្គមស៊ីវិលនាពេលនេះ គឺស្របទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការរៀបចំវេទិកានេះឡើង ដើម្បីស្ដាប់ពីបញ្ហាប្រឈមនានា សំណូមពរផ្សេង ក្នុងន័យដើម្បីជួយពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខេត្ត ជាមួយនឹងបណ្ដាអង្គការ សមាគម សហគម ឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយបានចាត់ទុកអង្គការសង្គមស៊ីវិល ជាតួអង្គមួយដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេស ក្នុងនោះសមាគម អង្គការសង្គមស៊ីវិល និងសហគមន៍ បានខិតខំជួយជ្រោមជ្រែង ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ទាំងជីវភាពរស់នៅ និង ការប្រកបរបរចិញចឹមជីវិតជាដើម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ណុប ឡងឌី ក្នុងនាមរដ្ឋបាលខេត្ត ក៏បានស្នើដល់ សហគមន៍ សមាគម និងអង្គការសង្គមស៉ីវិលទាំងអស់ក្នុងខេត្ត ត្រូវបន្តអនុវត្តសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ជាពិសេសសូមឱ្យមានរបាយការណ៍អំពីសកម្មភាពរបស់អង្គភាពរបស់ខ្លួន ដល់រដ្ឋបាលខេត្ត ដើម្បីឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលបាននូវព័ត៌មានបន្ថែមអំពីសកម្មភាព ដែលអង្គការបាននឹងកំពុងតែប្រតិបត្តិការ។
បន្ថែមលើនេះ ឯកឧត្តម ណុប ឡងឌី បានបញ្ជាក់ថា រដ្ឋបាលខេត្តសង្ឃឹមថា កិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល ដែលបាននឹងកំពុងប្រតិបត្តិការនៅក្នុងខេត្ត ត្រូវបានពង្រឹងលើកកម្ពស់បន្ថែម តាមរយៈការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ការឆ្លើយតបអំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការនានាផងដែរ៕