Social Network

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៤ ជាមួយប្រជាពលរដ្ឋ នៅក្រុងសួង

(ត្បូងឃ្មុំ) ៖ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងសួង។

វេទិកានេះ មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈភិបាលក្រុងសួង ក្រុមប្រឹក្សាក្រុង តំណាងមន្ទីរអង្គភាពជុំវិញខេត្ត លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង២ មន្ត្រីសង្គមស៊ីវិល និងវិស័យឯកជន និងប្រជាពលរដ្ឋ សរុបជិត៣០០នាក់។

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត ក៏បានអានរបាយការណ៍វឌ្ឍនភាព ការអភិវឌ្ឍន៍ និងលទ្ធផលការងារ ដែលរដ្ឋបាលខេត្ត សម្រេចបាននូវសមិទ្ធផលនានា ជាច្រើន នាពេលកន្លងមក ជូនអង្គវេទិកាជ្រាប និងបានសង្កត់ធ្ងន់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈមចាំបាច់ ប្រកបដោយកាយចូលចិត្តទុកដាក់ខ្ពស់ ពិសេសត្រូវមានឥរិយាបថទន់ភ្លន់ ម៉ឺងម៉ាត់ ដោយត្រូវចងចាំថា មន្ត្រីរាជការគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។

ថ្លែងទៅកាន់ អង្គវេទិកា នាឱកាសនោះ លោកជំទាវ ឡេង សុខា ក៏បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសកម្មភាពនានា របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយ របស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។

លោកជំទាវ តំណាង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ពិតជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផលការងារ ដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋ លើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប ផងដែរ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពីព្រោះយោបល់នេះដែរ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងក្រុងសួង ដែលបានលើកឡើងនូវសំណើ និងសំណូមពរយ៉ាងផុសផុល ដែលនេះសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់លំដាប់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់។

សូមបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះបានទទួលសំណូមពរ និងសំណួរ ពីប្រជាពលរដ្ឋ ចំនួន ១៤ករណី ហើយអង្គវេទិកាបានដោះស្រាយទាំង ១៤ករណី ប្រកបដោយប្រសិទ្ធភាព៕