Social Network

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«អគារតេជោបូព៌ា» និងសមិទ្ធផលនានារបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ចំណាយថវិកាចំនួន៥៥៧,៦៦៦ដុល្លា

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារតេជោបូព៌ា» និងសមិទ្ធផលនានារបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងពិធីនោះដែរ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិកគណៈអចិន្ដ្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម លោកជំទាវ អភិបាលខេត្តទាំង៦ រួមមាន ៖ ខេត្តកំពង់ចាម ព្រៃវែង កោះកុង ព្រះវិហារ កំពង់ស្ពឺ និងខេត្តកែប ព្រមទាំងប្រធាន/អនុប្រធាន សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ សរុបប្រមាណជាង៥០០នាក់។

ឯកឧត្តម ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ អគារ(តេជោបូព៌ា ) មានទំហំ៣៧ម៉ែត្រ X៥៤ម៉ែត្រ សាងសងលើផ្ទៃដីទំហំ១១,៩៦៨ម៉ែត្រការ៉េ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលចំណាយលើការកសាងសរុបអស់ថវិកាចំនួន៥៥៧,៦៦៦ដុល្លា។

ដោយឡែក បច្ចុប្បន្ននេះ ស.ស.យ.ក.ខេត្តត្បូងឃ្មុំ មានសមាជិក សមាជិកា សរុបចំនួន៣៧,០០២នាក់ ស្រីចំនួន១៩,៤៤៨នាក់ គិតត្រឹមឆ្នាំ២០២៤នេះ។ នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សម្ដែងនូវការអបអរសាទយ៉ាងក្លៀវក្លា និងស្វាគមន៍ដោយក្ដីរំភើបរីករាយចំពោះវត្តមានឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ«អគារតេជោបូព៌ា» សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិការបស់ស.ស.យ.ក.ខេត្តត្បូងឃ្មុំ និងសប្បុរសជននានា ដែលបានផ្ដួចផ្ដើមគំនិតរួមគ្នា តាមលទ្ធភាពតិចក្ដីច្រើនក្ដីរហូតដល់បញ្ចប់ការសាងសង់អគារស្នាក់ការនេះឡើង។

ឯកឧត្ដម ជឿជាក់យ៉ាងមុតមាំថា អគារតេជោបូព៌ាដែលជាទីស្នាក់ការរបស់ ស.ស.យ.ក. ខេត្តត្បូងឃ្មុំ នឹងក្លាយជាមជ្ឈមណ្ឌលមួយដ៏សំខាន់សម្រាប់យុវជន ក្នុងការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជនគ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ ទាំងនៅក្នុងខេត្តត្បូងឃ្មុំផ្ទាល់ និងបណ្ដាខេត្តនានា ដែលជាប់ព្រំប្រទល់ជាមួយគ្នាផងដែរ។

ជាមួយគ្នានោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា « ការជួបជុំគ្នានៅថ្ងៃនេះ មិនត្រឹមតែជាការអបអរសាទរនូវសមិទ្ធផលថ្មីតែប៉ុណ្ណោះទេ តែជាការកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកសំខាន់នូវសកម្មភាពសង្គម មនុស្សធម៌ ក៏ដូចជាលើកកម្ពស់កិត្យានុភាពរបស់ស.ស.យ.កទាំងក្នុង និងក្រៅប្រទេសផងដែរ៕