(ត្បូងឃ្មុំ)៖ ដើម្បីដោះស្រាយទុក្ខកង្វល់ជូនពលរដ្ឋ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងសាលាដំបូងខេត្ត ពន្ធនាគារខេត្ត កាកបាទក្រហមខេត្ត អាជ្ញាធរស្រុក ឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករសរុបប្រមាណជិត៤០០នាក់។
ក្នុងកាសនោះ លោកជំទាវ ឡេង សុខា បានមានប្រសាសន៍លើកឡើងថា ការធ្វើវេទិការនេះ គឺថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ រួមជាមួយរដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ ប្រជាពលរដ្ឋ មន្ត្រីសង្គមស៊ីវិល និងវិស័យឯកជនជាដើម មានឱកាសបានចូលរួម លើកឡើងនូវបញ្ហាប្រឈម ចម្ងល់ឬយោបល់ សំណូមពរផ្សេងៗ ពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ សេវាតម្រូវការ និងសេវាសំណូមពរ ជាពិសេសក៏បានចូលរួមចែករំលែកនូវបទពិសោធន៍ និងផ្ដល់ប្រឹក្សា អំពីអាទិភាពនៃការអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែមានសន្ទុះរីកចម្រើន និងមានប្រសិទ្ធភាពថែមទៀតនាថ្ងៃអនាគត។
លោកជំទាវ តំណាងប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បន្តថា សមាជិកក្រុមប្រឹក្សា មានតួនាទីភារកិច្ចទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត។ ជាមួយគ្នានោះក្នុងវេទិកានេះ សូមឱ្យប្រជាពលរដ្ឋ ដែលមានកង្វល់ក្នុងចិត្ត អាចលើកជាសំណួរ និងសំណូមពរដោយផ្ទាល់មាត់ និងលាយលក្ខណ៍ជាអក្សរ ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ នឹងធ្វើការបកស្រាយបំភ្លឺជូន រីឯបញ្ហាដែលនៅសេសសល់បានទទួលយកសម្រាប់ចុះពិនិត្យ សិក្សាឱ្យបានច្បាស់លាស់ជាបន្តទៀត ដើម្បីស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាព ។
ជាមួយគ្នានោះដែរ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត មានប្រសាសន៍រំលេចនូវសារៈសំខាន់នៃ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ពិតជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផលការងារ ដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។
សូមជម្រាបថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋបានលើកជាសំណួរ សំណូមពរ និងកង្វល់ជាច្រើន ក្នុងនោះចំនួន១០ករណី ត្រូវបានមន្ត្រីជំនាញបានបកស្រាយបំភ្លឺជូនបងប្អូនភ្លាមៗ ដោយឡែកមាន០២ករណីទៀត ពាក់ព័ន្ធនឹងបញ្ហាទឹកស្អាត និងភ្លើងអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ ត្រូវបានឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត រួមនឹងមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ កោះប្រជុំផ្ទាល់បន្ថែមទៀតនៅពេលខាងមុខនេះ ដើម្បីស្វែងរកដំណោះបន្ថែមជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជាក់ស្តែង៕