(ត្បូងឃ្មុំ)៖ សាលាភូមិន្ទរដ្ឋបាល សហការ ជាមួយរដ្ឋបាលស្រុកពញាក្រែក យុវជន ស.ស.យ.ក.ស្រុក ក្រុមគ្រូពេទ្យស័្មគ្រចិត្តនៃប្រទេសជប៉ុន (Medical Service) និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ដោយមានការគាំទ្រ ពីអង្គការ WFWP Camp និង អង្គការCSC អនុវត្តន៍ការងារសង្គម បានធ្វើការពិនិត្យ ព្យាបាល និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន១,០៨៨នាក់ ស្រី ៥៦៩នាក់ នៅក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួន ០២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
កិច្ចការងារមនុស្សធម៍ជួយដល់សង្គមនេះ ក្រោមការដឹកនាំ ពីសំណាក់ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តាមរយៈការស្នើសុំពីលោកស្រី លី ស៉ីថុល អភិបាលរងស្រុកពញាក្រែក និងជាប្រធាន ស.ស.យ.ក. ស្រុក។
បើតាមការលើកឡើងរបស់ ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថា វិស័យសុខាភិបាល ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តម សុខ សេងយ៉ន បានបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានសន្តិភាពពេញលេញ ស្ថេរភាព សន្តិសុខ និងសុវត្ថិភាព ក្រោមការដឹកនាំដ៏មោះមុត និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាកត្តាសក្ដានុពល ដែលជួយកសាងទំនុកចិត្តជូនដល់ ក្រុមគ្រូពេទ្យវេជ្ជសាស្ត្រដែលមានវិជ្ជាជីវៈ និងបទពិសោធន៍ជាច្រើនឆ្នាំ មកពីប្រទេសជប៉ុន សាលាភូមិន្ទរដ្ឋបាល និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក បានចូលរួមស្ម័គ្រចិត្ត និងកំពុងមានវត្តមាននៅទីនេះប្រកបដោយភាពសប្បាយរីករាយ។
ឯកឧត្តម គូសបញ្ជាក់ថា តាមរយៈកិច្ចការសកម្មភាពដ៏ល្អប្រពៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រទាំងអស់ និងអ្នកពាក់ព័ន្ធ ចំនួន០២ថ្ងៃ នៅទីនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយរួមចំណែកទ្រទ្រង់ កសាងសង្គម-សេដ្ឋកិច្ច លើកស្ទួយវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានោះ លោក លី សុភាលីន អភិបាល នៃគណៈអភិបាលស្រុកពញាក្រែក បានថ្លែងអំណរគុណយ៉ាងជ្រាលជៅ ចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសាលាភូមិន្ទរដ្ឋបាល ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តជប៉ុន និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកទាំងអស់ ដែលបានសហការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃជូនពលរដ្ឋ ដែលនេះ បានសរបញ្ជាក់ពីទឹកចិត្តសប្បុរសថ្លៃថ្លាក្នុងការជួយដល់ប្រជាជនកម្ពុជា គួរឲ្យកោតសរសើរជាទីបំផុត៕