Social Network

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាខេត្ត

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្ដម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ព្រមទាំងអ្នកពាក់ព័ន្ធ។

លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីព្រាងរបាយការណ៍ និងសេចក្តីសម្រេចជូនអង្គប្រជុំដើម្បីពិនិត្យ ពិភាក្សារួមគ្នានឹងត្រូវបានអនុម័តយល់ព្រមពី ឯកឧត្តម ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ដោយលើកដៃយល់ព្រម២៥លើ២៥សម្លេង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានលើកឡើងថា ៖ កិច្ចប្រជុំនាពេលនេះ បានផ្តោតសំខាន់ទៅលើការត្រួតពិនិត្យការងារកន្លងមករបស់រដ្ឋបាលខេត្ត អក្ខរាវិរុទ្ធ និងខ្លឹមសារមិនពេញលេញ នៅតាមមន្ទីរ អង្គភាព ដើម្បីកែលម្អឱ្យមានភាពត្រឹមត្រូវឡើងវិញ បានជំរុញលើកទឹកចិត្តដល់ប្រធានមន្ទីរ/អង្គភាពទាំងអស់ សូមយកចិត្តទុកដាក់ទៅលើរបាយការណ៍ឱ្យបានល្អប្រសើរ ជាពិសេសពេលផ្ញើមករដ្ឋបាលខេត្ត សូមពិនិត្យឱ្យបានត្រឹមត្រូវ ពីខ្លឹមសារ អក្ខរាវិរុទ្ធ ទិន្នន័យមួយចំនួនឱ្យបានច្បាស់លាស់ ។

ជាមួយគ្នានោះ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងរហ័ស។

នាឱកាសនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ប្រធានក្រុមប្រឹក្សា សមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត និងមន្ទីរ/ជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារជំនាញ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ហើយបានចងក្រងរៀបចំជារបាយការណ៍បានយ៉ាងល្អ រហូតដល់ទទួលបានការឯកភាព អនុម័តនាថ្ងៃនេះ។

គូសបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំនាពេលនោះ មានរបៀបវារៈចំនួន៥ រួមមាន ៖ ១.ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែតុលា ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ៣.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងផែនការសកម្មភាពរយៈពេល៣ខែ (តុលា វិច្ឆិកា ធ្នូ) របស់ក្រុមប្រឹក្សាខេត្ត ៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៥ ៥.បញ្ហាផ្សេងៗ៕