Social Network

ប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ ចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបតិ្ដការ ស្វែងរកអដិ្ឋធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា នៅខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

តៃនិញ៖ ប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ណុប ឡងឌី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនត្រពាំងផ្លុង នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបតិ្ដការ ស្ដីពីការសែ្វងរុករក និងធើ្វមាតុភូមិនិវត្ដន៍អដិ្ឋធាតុ យុទ្ធជន កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យ សង្រ្គាមនៅកម្ពុជាលើកទី២៤ ដែលធ្វើឡើងខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

កិច្ចសហប្រតិបត្តិការនេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូខេត្តចំនួន៤ផ្សេងទៀតរួមមាន ខេត្តសៀមរាប,កំពង់ចាម,បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។

ដោយឡែកគណៈប្រតិភូវៀតណាម ដឹកនាំដោយឯកឧត្តមឧត្ដមនេនីយ៍ត្រី ត្រាន់វិញង៉ុក អនុប្រធាននយោបាយយោធភូមិភាគទី៧ និងឯកឧត្ដមង្វៀន ថាញ់ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងជាប្រធានគណៈចង្អុលការ ៥១៥ ព្រមទាំងអ្នកពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ឡងឌី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា តំណាងឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំ សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារទាំងពីរ (កម្ពុជា-វៀតណាម) ក្នុងការសែ្វងរុករក និងធើ្វមាតុភូមិនិវត្ដន៍អដិ្ឋធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃ ក្នុងការបំពេញបេសកកម្ម និងភារកិច្ចចម្បង រហូតសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់។

ជាមួយគ្នានោះដែរ គណៈកម្មការនៃប្រទេសទាំង២ កម្ពុជា-វៀតណាម បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រាងផែនការផែនការកិច្ចសហប្រតិបតិ្ដការ ស្ដីពីការសែ្វងរុករក និងធើ្វមាតុភូមិនិវត្ដន៍អដិ្ឋធាតុ យុទ្ធជន កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យ សង្រ្គាមនៅកម្ពុជាលើកទី២៤ នៅលើទឹកដីខេត្តតៃនិញ ប្រទេសវៀតណាមផងដែរ។

តមកនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈប្រតិភូនៃខេត្តត្បូងឃ្មុំ រួមជាមួយគណៈប្រតិភូនៃខេត្តតៃនិញ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធដល់អតីតយុទ្ធជន កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យ សង្រ្គាមនៅកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរ៖ កិច្ចសហប្រតិបតិ្ដការ ស្ដីពីការសែ្វងរុករក និងធើ្វមាតុភូមិនិវត្ដន៍អដិ្ឋធាតុ យុទ្ធជន កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យ សង្រ្គាមនៅកម្ពុជា លើកទី២៤នេះ គឺធ្វើឡើងក្នុងគោលបំណងរក្សាទំនាក់ទំនងល្អរវៀងប្រទេសជាមិត្តទាំង២ គឺកម្ពុជា-វៀតណាម ព្រមជាមួយការអរគុណដល់យុទ្ធជន អ្នកជំនាញការវៀតណាម ទាំងអស់ដែលបានពលីជីវិតដើម្បីជួយរំដោះជាតិកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ក៏ដូចជាធ្វើមាតុភូមិនិវឌ្ឍន៍នៅអដ្ឋិធាតុរបស់វីរៈជនទាំងនោះមកតំកល់នៅទីបញ្ជុះសពក្នុងទឹកដីនៃប្រទេសវៀតណាមផងដែរ៕