Social Network

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ អបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលាបឋមសិក្សាកណ្ដាលជ្រុំ ស្ថិតនៅឃុំកណ្ដាលជ្រុំ ស្រុកពញាក្រែក

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលាបឋមសិក្សាកណ្ដាលជ្រុំ ស្ថិតនៅឃុំកណ្ដាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ព្រះមន្រ្តីសង្ឃស្រុក ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក-លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការ-មេបញ្ជាការរងកម្លាំងប្រដាប់ទាំង បី ប្រភេទ តំណាងសាលាអាល់រ៉ម៉ាស់ តំណាងដៃគូអភិវឌ្ឍន៍ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក នួន ស៊ីរ៉ាញឿន ប្រធានស្តីទី មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឡើងមានមតិស្វាគម និងអានរបាយការណ៍ រយៈពេល ១ឆ្នាំសិក្សា កន្លងមក របស់មន្ទីរ ដោយបានលើកឡើថា បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ បានខិតខំ និងចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើកំណែទម្រង់តាមបណ្តាសាលារៀន ជាពិសេសការអនុវត្តវិធានការគន្លឹះចំនួន ៤ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សាផងដែរ។

ជាមួយគ្នានោះ តំណាងសិស្សានុសិស្ស និងតំណាងគ្រូបង្រៀន ក៏បានឡើងប្តេជ្ញាចិត្ត ក្នុងការពង្រឹងអភិបាលកិច្ចសាលារៀន ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និងការលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ស្របតាមការណែនាំ របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ស្តង់ដាសាលារៀនគំរូ» ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអាននូវសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៤ - ២០២៥ ដោយបានមានប្រសាសន៍ថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនាពេលនេះ គឺជាឆ្នាំទី២ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ក្នុងគោលដៅឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្ស ឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ដើម្បីសម្រេចបានតាមទិសដៅ របស់ក្រសួង ឯកឧត្តម ប៉ែន កុសល្យ ក៏បានជំរុញ និងលើកទឹកចិត្ត ដល់ក្រុមការងារ សម្រាប់ឆ្នាំសិក្សាថ្មីនេះ ជាពិសេសគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ត្រូវខិតខំរកវិធីសាស្ត្រថ្មីៗ និងត្រូវអនុវត្តគំនិតប្រកបដោយនវានុវត្ត ដើម្បីលើកស្ទួយគុណភាពធនធានមនុស្ស នៅតាមបណ្តាសាលា សំដៅប្រែក្លាយជា «ស្តង់ដាសាលារៀនគំរូ» ។

បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសលោកឪពុក អ្នកម្តាយ អ្នកឤណាព្យាបាលសិស្សទាំងអស់ សូមចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យអប់រំ ឱ្យកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីជួយដល់សិស្សានុសិស្សឱ្យក្លាយជាធនធានមានសមត្ថភាពពេញលក្ខណៈ ទាំងចំណេះដឹង វិន័យ សីលធម៌ ស្មារតី និងមានសុខភាពល្អប្រសើរ សម្រាប់បន្តវេន ដ៏មានសក្តានុពលក្នុងការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម ប៉ែន កុសល្យ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេស នាយក នាយិកា គណៈគ្រប់គ្រងសាលារៀនលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្ត ដឹកនាំដំណើរការសាលារៀនប្រកបដោយប្រសិទ្ធភាព និងស្មារតីសាមគ្គីភាព បានបិទបញ្ចប់ឆ្នាំសិក្សា ២០២៣-២០២៤ ដោយជោគជ័យ និងត្រូវត្រៀមលក្ខណៈរួចរាល់សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មីនេះ។

មុននឹងបញ្ចប់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងឯកឧត្តមជាគណៈអភិបាលរងខេត្ត ក៏បានប្រគល់ជូន បណ្ណសរសើរដល់សប្បុរសជនចូលរួមឧបត្ថម្ភកម្មវិធី ផ្តល់កាដូអនុស្សាវរីយ៍ជូនដល់មន្ត្រីអប់រំចូលនិវត្ត និងបានប្រគល់ បណ្ណសរសើរ ដល់សិស្សានុសិស្ស រៀនពូកែ ជិត ៣០០ នាក់ ផងដែរ៕