Social Network

រដ្ឋមន្ដ្រីក្រសួងកសិកម្ម ចុះពិនិត្យការចិញ្ចឹមគោ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

កថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យកសិដ្ឋានចិញ្ចឹមគោជាលក្ខណៈគ្រួសាររបស់កសិករ ហួត

លាង ដែលបានចាប់ផ្តើមចិញ្ចឹមគោនៅឆ្នាំ២០១៣ ពីគោ ៧ក្បាល មកដល់បច្ចុប្បន្ន មានគោ( កូន ជំទង់ មេ និងបា) ជាង ៤០០ក្បាល នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

បើតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអោយដឹងថា លោកក ហួត លាង ក្រោយពីមន្ត្រីជំនាញពេទ្យសត្វនៃមន្ទីរ បានចុះណែនាំ និងផ្ដល់បច្ចេលទេសចិញ្ចឹមមានដូចជាការផ្តល់ចំណី ការជ្រើសរើស និងបង្កាត់ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លង ការទម្លាក់សត្វល្អិត និងការធ្វើជីវសុវត្ថិភាព ធ្វើឲ្យកសិដ្ឋានមានការរីកចម្រើនជាបន្តបន្ទាប់។

ជាក់ស្តែង បច្ចុប្បន្ន កសិដ្ឋានមានគោ(កូន ជំទង់ មេ និងបា) ជាង ៤០០ក្បាល ជាមធ្យម គាត់អាចលក់គោបានចំនួន ៦ ទៅ៨ក្បាល/ថ្ងៃ ចំពោះតម្លៃគោរស់ទិញចូល ១៣ ៨០០រៀល/គ.ក្រ និងលក់ចេញ ១៤ ៥០០រៀល/គ.ក្រ។ កសិដ្ឋានមានវាលស្មៅដាំចំនួន ៦ហ.ត សម្រាប់ទុកឲ្យសត្វស៊ី ដោយលាយផ្សំជាមួយចំណីសម្រេច កាកស្រាបៀ និងដំឡូងមី ជាដើម ។

ក្នុងនោះដែរការចិញ្ចឹមគោដែលជារបរដ៏ល្អមួយ ក្នុងការជួយបង្កើនប្រាក់ចំណូលគ្រួសារ ដោយក្រៅពីចំណូលបានពីលក់គោរស់ នៅមានចំណូលដ៏សំខាន់មួយទៀតគឺលក់លាមកម៍គោ ក្នុង១ឆ្នាំប្រមាណជាជាង ៨០លានរៀលទៀតផង។

ថ្លែងនាឱកាសនោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំ និងជំរុញឲ្យកសិករចិញ្ចឹមគោ បង្កាត់គោតាមបែបសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ធ្វើយ៉ាងណារក្សាបាននូវនិរន្តរភាពនៃកំណើនផលិតកម្មគោសាច់ និងកំណើនសេដ្ឋកិច្ចគ្រួសារ និងបានចូលរួមផ្គត់ផ្គង់ឲ្យទីផ្សារសាច់នៅកម្ពុជា ដែលមាននិន្នាការកើនឡើងជាបន្តបន្ទាប់។

ឯកឧត្តមរដ្ឋមន្ត្រី បានសាទរ និងបង្ហាញពីឆន្ទ:គាំទ្រ និងលើកទឹកចិត្តឲ្យលោកពូ ហួត លាង បន្តខិតខំលើការងារបច្ចេកទេសចិញ្ចឹមនេះឲ្យកាន់តែរីកចម្រើន នឹងបានចូលរួមផ្គត់ផ្គង់តម្រូវការសាច់ក្នុងទីផ្សារកម្ពុជា នាពេលបច្ចប្បន្ន និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ៧% ក្នុងមួយឆ្នាំ និងចូលរួមជាកម្លាំងចលករក្នុង ការសម្រេចចក្ខុវិស័យ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៏បានផ្តាំផ្ញើ និងសូមបន្តពង្រីកលទ្ធភាពបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារ ហើយបានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តជួយផ្តល់បច្ចេកទេសបន្ថែម និងផ្តល់ការគាំទ្រដល់ម្ចាស់កសិដ្ឋាន និងលើកទឹកចិត្ត ឲ្យខិតខំបន្ថែមទៀត ដើម្បីរក្សាអាជីពនេះ ឲ្យរីកចម្រើននាពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះដែរ ដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយការបង្កាត់សប្បនិម្មិត ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧបត្ថម្ភធុងរក្សាទឹកមេជីវិត ថ្នាំការពារ និងព្យាបាលជំងឺមួយចំនួនទៀតផងដែរ៕