Social Network

ស្ថានីយ៍ផលិតទឹកស្អាត របស់អង្គការទឹកស្អាត១០០១ ១កន្លែង ត្រូវបានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

ជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព អញ្ជើញជាអធិបតី សម្ភោធដាក់ឲ្យដំណើរការស្ថានីយ៍ផលិតទឹកស្អាត អង្គការទឹកស្អាត១០០១ ស្ថិតនៅសាលាសន្សំកុសល ក្នុងភូមិយាកត្បូង ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីផ្គត់ផ្គង់ទឹកស្អាត ដោយបច្ចុប្បន្នប្រជាពលរដ្ឋធ្លាប់តែប្រើប្រាស់ទឹកកខ្វក់ ក្នុងការរស់នៅប្រចាំថ្ងៃ។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងបរិស្ថាន នាយករដ្ឋបាលសាលាខេត្ត អភិបាល/អភិបាលរងស្រុក ព្រមទាំងប្រជាពលរដ្ឋនិងសិស្សានុសិស្សច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ សមិទ្ធផលស្ថានីយផលិតទឹកស្អាត ដែលកើតមានឡើងនៅចំពោះមុខយើងនេះ វាមានសារៈសំខាន់ សម្រាប់ស្រុកអូរាំងឪទាំងមូល ជាពិសេសប្រជាពលរដ្ឋនៅក្នុងឃុំដំរិល និងបណ្តាឃុំដទៃទៀត ក៏ជាទូទាំងខេត្តត្បូងឃ្មុំ។

ឯកឧត្តម បានបន្តថា វិស័យអនាម័យទឹកស្អាត គឺប្រៀបបាននឹងសរសៃឈាមដ៏សំខាន់ ក្នុងការផ្តល់ផលប្រយោជន៍ជាច្រើន លើការរស់នៅប្រចាំថ្ងៃ ចូលរួមកាត់បន្ថយភាពក្រីក្រ ឆ្លើយតមតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើង ទទួលបាននូវអនាម័យទឹកស្អាត១០០% នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយនិងអង្គការដៃគូទាំងអស់ ដែលបានអនុវត្តគម្រោង និងផ្តល់ជំនួយជាសម្ភារៈ វគ្គបណ្តុះបណ្តាលជំនាញ បង្កើតមុខរបរក្នុងជូនប្រជាពលរដ្ឋ ព្រមទាំងសំណូមពរឲ្យបន្តសហការយ៉ាងស្អិតរមួត ពង្រីកស្ថានីយបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ សហគមន៍ និងប្រទេស ប្រែក្លាយពីគ្មានទឹកស្អាត មកមានទឹកស្អាត ពីគ្មានអនាម័យ មកមានអនាម័យ ពិសេសបំផុតបរិស្ថានល្អ បរិសុទ្ធ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍សំណេះសំណាលនាពេលនោះ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីការរីកចម្រើនឥតឈប់ឈរបស់ប្រទេសជាតិយើង ពីមួយថ្ងៃទៅមួយថ្ងៃក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រសិនបើគ្មានវត្តមានសម្តេចតេជោទេ ប្រទេសយើងក៏គ្មានសុខសន្តិភាព គ្មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ។

កត្តានេះសូមបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីការរីកចម្រើនរបស់ប្រទេសជាតិយើងតទៅទៀត ដោយមិនត្រូវជឿតាមការញុះញង់ របស់ក្រុមជនអគតិណាមួយឡើយ។

ការសម្ពោធដាក់ឲ្យដំណើរការស្ថានីយទឹកស្អាតនៅពេលនេះ មានសារៈសំខាន់ណាស់ ព្រោះការបរិភោគទឹកស្អាត អាចជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពិសេសស្រ្តី និងកុមារ ឲ្យមានកាយសម្បទាមាំមួន និងប្រាជ្ញាស្មារតីភ្លឺថ្លា ព្រោះថាទឹកគឺជាប្រភពនៃជីវិត។

ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទំាងអស់ ធ្វើយ៉ាងណាផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់ទឹកមិនស្អាត មកប្រើប្រាស់ទឹកដែលមានសុវត្ថិភាព ដើម្បីបញ្ជៀសជំងឺឆ្លងផ្សេងៗ៕