Social Network

អភិបាលខេត្តត្បូងឃ្មុំ ចាត់ទុកលោកគ្រូអ្នកគ្រូគឺជាវីវៈជនវីរ:នារីសំខាន់បំផុតសម្រាប់សង្គមជាតិ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ បានចាត់ទុក លោកគ្រូអ្នកគ្រូគឺជាវីវៈជនវីរ:នារី សម្រាប់សង្គមជាតិ ជាអ្នកបណ្ដុះបណ្ដាលថ្នាល

ធនធានមនុស្សសំខាន់បំផុត មិនអាចខ្វះបាន។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងបែបនេះ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅការងារឆ្នាំសិក្សា២០១៩-២០២០ របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ ដែលធ្វើឡើងនៅសាលប្រជុំ(គ) សាលាខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអប់រំយុវជននិងកីឡាខេត្ត ការិយាល័យអប់រំក្រុងស្រុក មន្ត្រីអប់រំ ដែលសម្រេចបាននូវលទ្ធផលការងារបានយ៉ាងល្អប្រសើរ។

ជាពិសេសលោកគ្រូអ្នកគ្រូ ដែលសង្គមជាតិទាំងមូលត្រូវការជាចាំបាច់ ក្នុងការបង្ហាត់បង្រៀនពង្រឹងសមត្ថភាពធ្វើយ៉ាងណាឲ្យសិស្សានុសិស្សជាទំពាំងស្នងឬស្សីដ៍រឹងមាំសម្រាប់បន្តនិងអភិវឌ្ឍន៍សង្គមជាតិទាំងមូលទៅកាន់ថ្ងៃអនាគត។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានជំរុញដល់លោកគ្រូអ្នកគ្រូ បន្តធ្វើការបង្ហាត់បង្រៀនដល់សិស្សានុសិស្សឲ្យកាន់តែល្អបន្ថែមទៀត ជាពិសេសពង្រឹងលើគ្រប់ការប្រលងទាំងអស់ មិនថាប្រចាំខែ ត្រីមាសឆមាស ដើម្បីធ្វើយ៉ាងណាឲ្យសិស្សពង្រឹងសមត្ថភាព ដុសខាត់ចំណេះដឹងឲ្យកាន់តែមុតស្រួច ដើម្បីមានលទ្ធភាព គ្រប់គ្រាន់ ក្នុងការប្រឡងថ្នាក់ជាតិ ជោគជ័យក្នុងការឡើងថ្នាក់ជាបន្ត ក៍ដូចជាសម្រាប់ជាគ្រឹះដ៏រឹងមាំ បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ ត្រូវបញ្ជ្រាបការងារអនាម័យបរិស្ថាន និងដាំដើមឈើ នៅតាមសាលាទូទាំងខេត្ត ក៍ដូចជាធ្វើយ៉ាងណាឲ្យសិស្សានុសិស្សលេងកីឡាឲ្យបានគ្រប់ៗគ្នា ។ ចំពោះការលេងកីឡា គឺទទួលបានកាយសម្បទា ប្រាជ្ញាស្មារតី និងសុខភាពល្អរឹងមាំ ហើយសុខភាពនេះហើយ គឺជាកត្តាចម្បងដែលជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ជោគជ័យក្នុងការសិក្សាក៍ដូចជាជោគជ័យក្នុងជីវិតនាថ្ងៃអនាគត។